លោកហ៊ុន ម៉ាណែត សរសេរភាសាទន់ភ្លន់ ទៅកាន់ វិទ្យុ VOD ឲ្យបង្ហាញឯកសារ ដែលថា លោកបានចុះហត្ថលេខា ជំនួសសម្តេចតេជោ ក្នុងការផ្តល់ជំនួយថវិកា ទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដី

0

លោកហ៊ុន ម៉ាណែត បានសរសេរសារបៀបទន់ភ្លន់ ទៅកាន់ វិទ្យុ VOD ឲ្យបង្ហាញឯកសារដែលបញ្ជាក់ថា លោកបានចុះហត្ថលេខាជំនួសសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដី។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍ មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មាន អាជីព ដែលជ្រកក្រោមស្ថាប័នសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជានិងការទទួលខុសត្រូវ៖

លោក ហ៊ុន ម៉ាណែត បានបន្តថា
ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគី ដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិ ក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។

ខ្ញុំបានស្រាវជ្រាវ រកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា បើ VOD មិនមានឯកសារ ហើយចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលព័ត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិ មានការយល់ច្រឡំក្នុងរឿងនេះ។ ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ៕SRP