មនុស្សចំនួន៦នាក់ ត្រូវបានចាប់ខ្លួន «បទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ»

0

ខេត្តតាកែវ៖មនុស្សប្រុសចំនួន៦ នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តតាកែវចាប់ខ្លួនពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងបានអនុវត្តតាមនីតិវិធី។

ការចាប់ខ្លួននេះធ្វើឡើង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣  នៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដោយកម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

មន្ត្រីអាវុធហត្ថបានអះអាងថា ប្រតិបត្តិការនេះ ជំហានដំបូង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យក់ សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះ ដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីអាវុធហត្ថបានបន្តថា នៅថ្ងៃម្សិលមិញនេះ
កម្លាំងអាវុធហត្ថខេត្ត បានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះ ដោយសារគ្រឿងញៀន ឈនដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។

ជនសង្ស័យទាំ០៥នាក់មាន៖
១ .ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។
២. ឈ្មោះ អឿន អាន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី។
៣. ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
៤ .ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង។
៥. ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់។

បើតាមមន្ត្រីអាវុធហត្ថ ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងរួមមាន៖
១.ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន៧អាវ មួក៩ ស្បែកជើងកវែងចំនួន០៧គូ។
២.ឯកសណ្ឋានយោធា ខោចំនួន៣ខោ អាវយឺតចំនួន១។
៣.ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន២។
៤.ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤។
៥.រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513  និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)៕SRP