ខេត្តកំពង់ចាម៖អាជ្ញាធរបានអះអាងថា មិនត្រូវអនុញ្ញាតឱ្យមានការ សាងសងសំណង់ថ្មី អនាធិបតេយ្យនៅក្បែរប្រាសាទ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃបុរាណវិទ្យា ក៏ដូចជាសោភណ្ឌភាព ហើយត្រូវធ្វើការអភិវឌ្ឍ ដោយតុបតែងលម្អសោភណ្ឌភាព ធានាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈផងដែរ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លបានបន្តថាអាជ្ញាធរខេត្តបានបង្កើតក្រុមការងារ ដើម្បីការពារអភិរក្សតំបន់រមណីយដ្ឋានទេស ចរណ៍នានា នៅក្នុងខេត្តកំពង់ចាម ដែលមានដូចជា រមណីយដ្ឋានប្រាសាទនគរបាជ័យ ប្រាសាទភ្នំ ប្រុសភ្នំស្រី និងប្រាសាទភ្នំហាន់ជ័យជាដើម។
អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ដើម្បីបង្កើតយន្តការ សម្រាប់ធ្វើការគ្រប់ គ្រងតំបន់រមណីយដ្ឋានទេសចរណ៍ ប្រវត្តិសាស្រ្ត រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារ លោក គន់ សុភា អភិបាលរងខេត្ត ជាប្រធាន និងប្រធានមន្ទីរទេសចរណ៍ ជាសេនាធិការ ត្រូវខិតខំការពារអភិរក្ស តំបន់រមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្ត្រ របស់យើងឱ្យបាននៅគង់វង្សយូរ អង្វែងដល់ជំនាន់ក្រោយៗ។
លោកបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ក្នុងកិច្ចប្រជុំ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និង លើកទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដី សម្រេចលេខ ១១៥/១៩ ស.សរ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុមការងារ កសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាល ខេត្តកំពង់ចាម៕SRP

