ខេត្តបាត់ដំបង៖ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាព អនុគម្រោងសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ក្រុងបាត់ដំបង ឯកឧត្តម សុខ លូ ពិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ជំរុញដល់ក្រុមការងារ ពន្លឿន ក្នុងការកសាង និងជាពិសេស គឺការសាងសង់ប្រព័ន្ធលូ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនដល់ការសាងសង់ផ្លូវ ឱ្យស្អាតត្រឡប់មកវិញ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ព្រោះបច្ចុប្បន្ន នេះដោយសារការកាយផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូ នេះ បានបង្កជាផលលំបាកដល់ ប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាត់ដំបង ក្នុងការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ។
ឯកឧត្តម សុខ លូ បានបន្តទៀតថា សូមឱ្យក្រុមការងារសាងសង់ បន្តយកចិត្តទុកដាក់ ដើម្បីឱ្យដំណើរការសាងសង់រលូន ហើយត្រូវបន្តធ្វើការផ្សព្វផ្សាយពន្យល់ ដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង អំពីគម្រោងមួយនេះ ដើម្បីឱ្យ ប្រជាពលរដ្ឋយល់អំពីសមិទ្ធផល របស់ខេត្ត និងដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណង ក្នុងការសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ផងដែរ។
កិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង
កិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញស្ដីពីវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាត់ដំបង នៃគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នា ថ្ងៃអង្គារ ម្សិលមិញ។
គួរបញ្ជាក់ផងដែរថា គម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ក្រុងបាត់ដំបង ក្រុងសៀមរាប ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន រួមមានការរៀបចំបណ្ដាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះ សំអាតទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម ក្រោមកម្ចីឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ៕

