សម្ដេច ស ខេង៖ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមានហានិភ័យខ្ពស់

0

 

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃចន្ទ ម្សិលមិញ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអះអាងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា ដែលបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា៖ ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ហើយក៏ជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ។

សម្ដេច ស ខេង បន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។

សម្ដេចបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើង ធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។

ក្នុងន័យនេះ ដើម្បីទទួលជោគជ័យ ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ប្រធាន គ.ស.ច.គ ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញអនុវត្តឱ្យបានសម្រេចនូវទិសដៅ ដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហា ប្រឈមនានា សំដៅរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរារចរណ៍ នៅ ប្រទេសកម្ពុជា៕SRP