ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់(DEST) និងបេតុង ចំនួន០២ខ្សែ មានប្រវែង១៤.៦០៣ម៉ែត្រ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ នៅថ្ងៃពុធម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយណែនាំ ប្រាប់
ប្រជាពលរដ្ឋ កុំឲ្យមានការសាងសង់រំលោភបំពាន លើដីចំណីផ្លូវ ដេីម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវផងដែរ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្ដេច
តេជោ ហ៊ុន សែន ទេីបមានការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ដូច្នេះសូមឲ្យពុកម៉ែបងប្អូន មានការជឿ ទុកចិត្តគ្នាទៅវិញទៅមក ជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីបន្តរួមគ្នាធ្វើការអភិវឌ្ឍន៍ រីកចម្រើនតទៅមុខទៀត ពោលគឺមានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែងតែមានការរីកចម្រើន ដោយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច។
អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឲ្យមានការយោគយល់ អធ្យាស្រ័យផង ប្រសិនជាមានការប៉ះពាល់ ដោយប្រការណាមួយ និងសូមឲ្យចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងលើនេះ ឲ្យបានជោគជ័យ ប្រយោជន៍ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាការរួមគ្នាកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើដំណើរបានឆាប់រហ័ស និងងាយស្រួល ផងដែរ។
លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ គឺចាប់ពីទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹងក្រាលកៅស៊ូពីរជាន់ ៥ម។ ចំណែកផ្លូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ កំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានសរុបប្រវែង៣,៦៨១ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម ទទឹង ៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម។ ដោយឡែកកំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីបង្គោលឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង៤ម ផងដែរ៕

