អភិបាលខេត្តសៀមរាប៖ ប្អូនៗទាំងអស់ ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានលើកឡើងថា អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិឃុំមានសុវត្ថិភាពចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើង ដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ ដោយឡែកក្រុមកីឡាករទាំងអស់ និងត្រូវជម្រើសបានកីឡាករល្អៗ ជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំនេះទៅ ក្រុមកីឡាករក៏ត្រូវត្រៀមលក្ខណៈ ក្នុងការចូលរួមសាទរកីឡាស៊ីហ្គេមនៅពេលខាងមុខ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បង្កើតជាក្តីសុបិនសម្រាប់អនាគត ដោយព្រឹត្តិការណ៍ឆ្នាំនេះ ក្លឹបបាល់ទាត់ទាំង១២សង្កាត់នឹងស្រង់យកជើងខ្លាំងប្រចាំក្រុងសៀមរាបធ្វើការបណ្តុះបណ្តាលជាកីឡាករអាជីព។

ឯកឧត្តមបានបន្តថា កាប្រកួតពានរង្វាន់នេះ យើងនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡានៅខេត្តសៀមរាប មានការអភិវឌ្ឍន៍ ពីព្រោះថា កីឡាធ្វើឲ្យរាងកាយ សុខភាពរឹងមាំ។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាកទាំងអ្នកទទួលជ័យលាភី និងមិនទទួល បានជ័យលាភី ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះ ក៏ជាការដកស្រងបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត។

ឯកឧត្តម ទៀសីហា បានគូសបញ្ជាក់ថាវិស័យកីឡា គឺជាចលករមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក៏ជាសម្ព័ន្ធភាពមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា និង ធ្វើឱ្យកាយសម្បទាយើងមានភាពរឹងមាំ សុខភាពមាំមួន ម៉្យាងទៀតការប្រកួតកីឡានេះ គឺធ្វើឱ្យយុវជន សិស្សានុសិស្ស និង មហាជនយើងបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសង្កាត់និងសង្កាត់ ឃុំ និងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា នៅតាមសាលារៀនទូទាំងខេត្ត ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។

ឯកឧត្តមលើកឡើងយ៉ាងដូច្នេះ នៅរសៀល ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២៕SRP