លោក ឈួន ហៃ មេគយខេត្តកំពង់ស្ពឺ កែឆ្នាំកំណើតពន្យារអាយុចូលនិវត្តន៍

ភ្នំពេញ៖លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី១ ខែមករាឆ្នាំ២០២៣ នេះ ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យនឹងតំណែង ពោលគឺមិនព្រមចូលនិវត្តន៍ ក៏បានរត់ការលពន្យាអាយុចូលនិវត្តន៍។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហើបអ្នកសារព័ត៌មាន។ ដោយហេតុថា មកដល់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៣ នេះ នៅមិនទាន់ឃើញការប្រកាសផ្លាស់ប្តូរនោះទេ ដោយលោក ឈួន ហៃ នៅបន្តធ្វើប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ដដែល។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា លោកឈួន ហៃ ត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តែគាត់ពន្យារកំណើតបានប្រាំឆ្នាំទៀត។

ប្រភពច្បាស់ការណ៍បានអោយដឹងថា ក្រុមកូនចៅ និងដៃជើងរបស់ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានដើរបិទសារព័ត៌មានធំមួយចំនួនមិនអោយចុះផ្សាយ។

ប្រភពដដែលបានបន្តថា រឿងលោក ឈួន ហៃ ពន្យាអាយុចូលនិវត្តន៍បានធ្វើឲ្យមន្ត្រីនៅក្នុងសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ពិតជាមិនធម្មតារត់ការពន្យាអាយុចូលនិវត្តន៍បានដោយក្នុងនោះលោក ឈួន ហៃ ពន្យាអាយុបាន ៥ឆ្នាំ។ ហើយការពន្យារអាយុនេះ លោក ឈួន ហៃ ក៏ចំណាយមិនតិចដែរ៕SRP