ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់កំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រលងជាប់និទ្ទេសA ចំនួន ២១នាក់ នៅក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបាននិទ្ទេសល្អ ដែលពិធីនេះត្រូវបានធ្វើ ឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់លោកផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង សិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ឲ្យចូលជួបសំណេះសំណាល ទៀតផង។ នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាម ផងដែរ។
អភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ត្រូវបន្តកា រសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែង ក្នុងទីផ្សារការងារ តាមរយៈ ការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ លើសពីនោះ នៅពេល ដែលក្មួយៗ បានបន្តនៅកម្រិតឧត្តមសិក្សាហើយ សូមក្មួយៗខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូែក ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹងដោយមានគុណធម៌ មកបម្រើជាប្រយោជន៍ ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នា កសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំង ខេត្តកំពង់ចាម មានបេក្ខជនមកប្រលងចំនួន ៨.១៧៧នាក់ បេក្ខជនប្រលងជាប់ចំនួន ៥.៧៩៩នាក់ ស្មើនឹង ៧០,៩២% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ៧៣នាក់ ខណៈបេក្ខជនប្រលង ជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ១.០៤៩នាក់។
គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែល អភិបាលខេត្ត បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្រុងកំពង់ចាមទាំង ២១នាក់ ក្នុងម្នាក់ៗ ទទួលបាន កំព្យូទ័រយួរដៃ (latop) ១ គ្រឿង, ថវិកា ចំនួន ៤០ម៉ឺនរៀល , សៀវភៅ ២០ក្បាល, ប៊ិច និងខ្មៅដៃ ចំនួន ១០ដើមផងដែរ៕SRP