រដ្ឋមន្ត្រីខៀវ កាញារីទ្ធ៖ ជំនួបរវាងសម្តេចតេជោនិងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញ ការលើកកម្ពស់វិស័យព័ត៌មាន ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ជំនួបរវាងសម្តេចតេជោហ៊ុន សែន និងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញ ការលើកកម្ពស់វិស័យព័ត៌មាន ឱ្យកាន់តែរីកចម្រើនតាមរយៈ ការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។

ក្នុងឳកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ នៅថ្ងៃចន្ទម្សិលមិញ​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ​ក៏បានស្នើដល់ក្រុមការងារក្រសួងព័ត៌មាន ត្រូវបន្តរួមសហការសាមគ្គីគ្នា ព្រោះយើងមានបទពិសោធន៍ច្បាស់លាស់ កាលធ្វើរយៈពេល ៤ លើករួចមកហើយ។ ទាំងនេះហើយ សម្រាប់ឱកាសកិច្ចប្រជុំនាពេលនេះ គឺដើម្បីធ្វើយ៉ាងណាអោយការងារសម្របសម្រួល រៀបចំអោយកម្មវិធី ជួបជុំរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានលើកទី៥ អោយដំណើរទៅដោយរលូន និងជោគជ័យ។

តាមរបាយការណ៍របស់លោក ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអោយដឹងថា ពិធីជួបជុំរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

សម្រាប់កម្មវិធីខាងមុខនេះ នឹងមានអ្នកសារព័ត៌មាន ចូលរួមប្រមាណជាង ៤ ពាន់នាក់ រូបរួមមាន អង្គការ សមាគម ចំនួន ១៣ អង្គភាព, ទីភ្នាក់ងារបរទេស និងការិយាល័យតំណាង ចំនួន ០១ អង្គភាព ស្មើនឹង ២ រូប , គេហទំព័រ និង TV ONLINE ចំនួន ៣២៨ អង្គភាព, កាសែត ទស្សនាវដ្ដី ចំនួន ៥៤ អង្គភាព, វិទ្យុ និងទូរទស្សន៍៖ វិទ្យុ ១៧ ស្ថានីយ ទូរទស្សន៍ ១៥ ស្ថានីយ, អ្នកនាំពាក្យ និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ចំនួន ៦៣ រូប។

របាយការណ៍បន្តថាក្នុងនោះក៏មានការចុះឈ្មោះចូលរួមពីមន្ត្រីផ្នែកព័ត៌មាន រដ្ឋបាលខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ , ក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជា , ក្រុមការងារព័ត៌មានយុវជននៅសហរដ្ឋអាមេរិក , នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ គជប។ ជាមួយនេះក៏មាន និស្សិត DMC ,ក្រុម ហ្វេសប៊ុក ព្រំ សាន , សម្ព័ន្ធយុវជនស្ម័គ្រចិត្ត , សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព , ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មានផងដែរ។

បើតាមរបាយការណ៍ ទាក់ទងចំពោះអនុញ្ញាត្តលចូលរួមក្នុងអង្គពិធី គឺព័ណ៌ខ្សែ និងបណ្ណ ដោយព័ណ៌ ក្រហម៖ សម្រាប់ ក្រសួងព័ត៌មាន និង មន្ទីរព័ត៌មានរាជធានី ខេត្ត ,ទឹកប៊ិច៖ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ,ទឹកប្រាក់៖ អ្នកសារព័ត៌មាន , លឿង ៖ ពិធីការ , ស្វាយ៖ ក្រុមសិល្បៈ ,បៃតង៖ បម្រើការ (សម្រាប់ក្រុមចុងភៅ អ្នករត់តុ)។

សូមជម្រាបថាពិធីជំនួបរវាងសម្ដេចតេជោហ៊ុន សែន ជាមួយនឹងអ្នកសារព័ត៌មាន បាន អាក់ខានអស់រយៈពេលពេល២ ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕SRP