ខេត្តសៀមរាប៖នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានចេញលិខិតបដិសេធ ព័ត៌មាន ដែលថាកូនបង្កើតរបស់លោករកស៊ីដឹកឈើខុសច្បាប់។ នេះបើយោងតាមលិខិតចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃចន្ទនេះ។
ក្នុងលិខិតបញ្ជាក់ថា សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សេចក្ដីបដិសេធសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើសង្កេតឃើញថារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានសារព័ត៌មាននិងបណ្ដាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយនូវអត្ថបទនិងរូបភាពរថយន្តដឹកអុសមួយគ្រឿងភ្ជាប់ជាមួយរូបថត របស់ លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដោយបានសរសេរថា« កូនប្រុស លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ចូលក្រុងសៀមរាប »។
ជុំវិញការបង្ហោះផ្សព្ធផ្សាយរបស់សារព័ត៌មាននិងបណ្ដាញសង្គមដែលបានយករូបភាពលោកម៉ែនវុទ្ធីនិងរថយន្តដឹកអុសទៅសរសេរថាជាការដឹកជញ្ជូនឈើដោយខុសច្បាប់នោះរដ្ឋបាលព្រៃឈើសង្កាត់ស្វាយលើសូមបដិសេធច្រានចោលទាំងស្រុង។ ដោយហេតុថារថយន្តដែលបានបង្ហោះផ្សព្ធផ្សាយកាលពីថ្មីៗនេះ ជារថយន្តដឹកអុសរបស់កូន លោក ម៉ែនវុទ្ធី ដឹកអុសយកឲ្យម្ដាយមីង នៅក្រុងសៀមរាប។
លោក ម៉ែន វុទ្ធី បានបញ្ជាក់ថាកូនរបស់លោកបានដឹកអុស មិនមែនដឹកឈើខុសច្បាប់នោះទេ ហើយរថយន្តដែលដឹកអុសនោះកូនរបស់លោកទើបទិញតពីគេបានជាង១ខែមុន។ ចំណែករូបភាពដែលឃើញឈើខុសច្បាប់នៅលើរថយន្តនោះទាំងលោកនិងកូនប្រុសមិនបានដឹងនោះទេ។ដូច្នេះសូមអ្នកសារព័ត៌មាននិងបណ្ដាញសង្គម សាធារណៈជន មេត្តាជ្រាបជាព័ត៌មាន ។
សូមបញ្ជាក់ថាកន្លងមកសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដែលមានលោក ម៉ែន វុទ្ធី ជានាយសង្កាត់បានប្រឹងប្រែងធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើជាច្រើនករណី គួរឲ្យកត់សម្គាល៕SRP