ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច
ដកមុខតំណែងលោក ភូ លិ ពីអភិបាលរង ខេត្តកែប។ នេះបេីយោងតាមអនុក្រឹត្យ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សៀមរាប ប៉ុស្តិ៍ ទទួលបាននូវព្រឹកនេះ។
ការបញ្ចប់មុខតំណែងលោក ភូ លិ គឺបន្ទាប់ពីលោកបានប្រេីអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
សូមជម្រាបថា លោក ភូ លិ បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដោយយកកែវស្រា គប់បណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ។
ករណីបានកើតឡើងនៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ស្ត្រីរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕SRP