ខេត្តកំពង់ចាម៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅដល់ចំណុច គល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម ដែលមានប្រវែង ៤៥,៤៩គ.ម។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដល់ចគល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម នៅថ្ងៃសុក្រនេះ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ រួមជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ត្រូវរួមគ្នា អនុវត្តទៅតាមបំណែងចែកភារកិច្ច របស់រដ្ឋបាលខេត្តបានដាក់ជូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្ត បានបញ្ជាក់ថា បើគិតពីពេលនេះ រហូតដល់ពេល នៃការប្រារព្ធពិធីនោះ គឺនៅសល់ពេលខ្លីណាស់។ អីចឹងទេ តម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើតួនាទីភារកិច្ច ដើម្បី រាប់រងលើកិច្ចការ របស់ខ្លួនទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេល នៃការប្រារព្ធពិធីបើកការដ្ឋានស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាពិសេស ការថែរក្សា សន្តិសុខ សុវត្ថិភាព រួមទាំង ការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវកិត្តិយសចូលរួម ឲ្យបានអធិកអធម ដើម្បី ជម្រុញឲ្យកិច្ចដំណើរការពិធីខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ និងសម្រេចលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក។ ក្រៅពីនោះ យើងក៏មានកិច្ចសេសសល់មួយចំនួនទៀត ត្រូវរួមគ្នាពិភាក្សា នៅមុនថ្ងៃកម្មវិធីមកដល់ ផងដែរ៕SRP