ខេត្តកំពង់ចាម៖ពីឃុំអូរស្វាយ ទៅ ឃុំស្រក ស្រុកកំពង់សៀម ទទួលបានផ្លូវកៅស៊ូ ២ជាន់ ប្រភេទDBST។
ក្នុងឱកាសថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះពិនិត្យនៅ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឲ្យដឹងថា ផ្អែកតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រៅពីការស្ថាបនា ជាផ្លូវក្រាលកៅស៊ូ ទៅលើផ្លូវ ១ខ្សែ នេះហើយ យើងក៏រៀបចំសាងសង់ជាសំណង់សិល្បះការ មួយចំនួនបន្ថែមទៀត ផងដែរ។
លោកបញ្ជាក់ដែរថា គម្រោងនេះប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្ត តាមការរំពឹងទុក យើងនឹងធ្វើការស្ថាបនាគម្រោងនេះ នាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ សូមឲ្យក្រុមការងារបច្ចេកទេសសិក្សាលម្អិតបន្ថែមទៀត ដើម្បី យើងរកពេលវេលាច្បាស់លាស់ បើកការដ្ឋានស្ថាបនា តែម្ដង។ ការស្ថាបនានេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងការបង្កើនប្រាក់ចំណូល ជូនបងប្អូន ប្រជាពលរដ្ឋ តាមរយៈ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជន បានកាន់តែឆាប់រហ័ស ជាងមុន។
សូមជម្រាបថា ផ្អែកតាមសំណើរបស់អាជ្ញាធរស្រុកកំពង់សៀម គឺបានស្នើរដ្ឋបាលខេត្តកំពង់ចាម ដើម្បី ស្ថាបនាផ្លូវ ១ខ្សែ មានប្រវែងសរុប ១១.៩៦០ម៉ែត្រ គុណនឹងទទឹង ៧ម៉ែត្រ តភ្ជាប់ចាប់ពីចំណុចភូមិអន្លង់ស្នូក នៃឃុំអូរស្វាយ ឆ្ពោះទៅចំណុចភូមិល្ពាក នៃឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ផ្លូវនេះ គឺជាផ្លូវអន្តរឃុំ និងជាផ្លូវយុទ្ធសាស្ត្រសំខាន់មួយ ដែលមានប្រជាពលរដ្ឋ ប្រើប្រាស់ច្រើន ដូចជា៖ ការដឹកកសិផលមកកាន់ទីផ្សារ និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗទៀត។ បច្ចុប្បន្ន ផ្លូវមានស្ថានភាពលំបាក ខូច ហុយ និងរំខានដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់។
បើទោះបីជាគម្រោងមិនទាន់ចាប់ផ្ដើម ក៏ដោយ គេសង្កេតឃើញថា អាជ្ញាធរឃុំ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ បានសម្ដែងនូវសេចក្ដីរីករាយ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចុះមកពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ព្រមទាំង បានផ្ដល់នូវផ្លូវកៅស៊ូ ដែលពុំធ្លាប់មានពីមុនមក ទុកជូនពួកគាត់បានប្រើប្រាស់ នាពេលអនាគត។ មានផ្លូវ មានសង្ឃឹម។ មានផ្លូវល្អ ធ្វើឲ្យកម្រិតរបស់ជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕SRP