សមាជិកគណបក្ស ខ្មែរស្រឡាញ់ជាតិ ជាង១៥០នាក់ សុំចូលជាមួយ គណបក្ស កំពុងកាន់អំណាច

សមាជិកគណបក្ស ខ្មែរស្រឡាញ់ជាតិ ជាង១៥០នាក់ សុំចូលជាមួយ គណបក្ស កំពុងកាន់អំណាច

ខេត្តកំពង់ចាម៖សមាជិក គណបក្ស ខ្មែរស្រឡាញ់ជាតិ ជាង១៥០នាក់ បានសុំលាឈប់ពី គណបក្ស ខ្មែរស្រឡាញ់ជាតិ សុំចុះចូលជាមួយគណបក្សដែលកំពុងកាន់អំណាច គណបក្សប្រជាជនកម្ពុជា។

ការសុំចុះចូលធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃសៅរ៍ ម្សិលមិញ។

សមាជិកគណបក្ស ថ្មី ចំនួន ១៥១ នាក់ ស្រី៦១ នាក់ ដែលបានសុំលាឈប់ ពី សមាជិក គណបក្សខ្មែរស្រឡាញ់ជាតិ មកពីស្រុកចំនួន៥ គឺ ស្រុកកងមាស,បាធាយ,ជើងព្រៃ,ព្រៃឈរ និងស្រុកចំការលើ។

ក្នុងពិធី លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍ ប្រកបដោយក្ដីរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូន ដែលមានស្មារតីភ្ញាក់រលឹក វិលមកសុំរួមរស់ជីវភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា អាស្រ័យ ដោយបានមើលឃើញពីភាពដឹកនាំត្រឹមត្រូវ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានគណបក្សខេត្ត បានមានមតិផ្ដាំផ្ញើចំពោះសមាជិគណបក្សថ្មីដូចតទៅ៖

១. សូមបងប្អូនបន្តធ្វើចលនាអូសទាញ មិត្តភ័ក្ដ សាច់ញាតិនៅក្នុងគណបក្សដ៏ទៃ ឲ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។

២. សូមបងប្អូនរក្សាភាពស្មោះត្រង់ចំពោះគណបក្ស ដូចការប្ដេជ្ញាចិត្ត កុំក្បត់គណបក្ស បងប្អូនក្នុងគណបក្សទទួលបងប្អូនដោយស្មារតីសាមគ្គី ដោយមិនមានការរើសអើង ។

៣.សូមជ្រាបថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិយូរជាង គណបក្ស ណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផល យ៉ាងច្រើន ឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេស គ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិ មានសុខ សន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។

ដូច្នេះសូមបងប្អូនមានការជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ជានិរន្តរ៍តរៀងទៅ៕SRP