ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គ្មានទេការរើងអើងចំពោះ ជនមានពិការភាព ហើយសិទ្ធិរបស់ ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា រវាងជនមានពិការភាព និងមិនមានពិការភាព។
លោកថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ដែលបានធ្វើឡើងនៅសាលាស្រុកកំពង់សៀម នៅថ្ងៃចន្ទនេះ។
ក្នុងពិធី លោក អ៊ុន ចាន់ដា បានអាននូវសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិត យ៉ាងល្អិតល្អន់ អំពីការដោះស្រាយ ជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅ កាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីព និងមុខរបរ ដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។
ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំ និងបណ្ដុះបណ្ដាល បច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាព ប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគមួយ ដ៏មានសារៈប្រយោជន៍ និងនិរន្តភាព។
កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដែលមានស្រាប់ និងគ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) សម្រាប់ជនមានពិការភាព ដូចជាជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរយោង បង្គន់អនាម័យ ជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។
ក្រៅពីនេះ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព ក៏ត្រូវបាន ដាក់ឱ្យប្រើជាផ្លូវការដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពស្នើសុំបណ្ណបើកបរបានស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន។
ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ភៃ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាព និងមិនមានពិការភាព។ ជាមួយគ្នានេះ ការលើកកម្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ ស្ត្រី និងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់៕SRP