ព្រះរាជបន្ទូលព្រះមហាក្សត្រ៖ សេចក្តីស្ងប់ ជាសេចក្តីសុខដ៏ប្រសើរបំផុត សម្រាប់អប់រំផ្លូវចិត្តចំពោះពុទ្ធបរិស័ទ

ខេត្តសៀមរាប៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា “មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី”នេះ ជាកន្លែងសម្រាប់អប់រំចិត្តរបស់ពុទ្ធបរិស័ទ ហើយវានឹងផ្តល់នូវភាពកក់ក្តៅ ដល់ពុទ្ធបរិស័ទ ទាំងឡាយ ដែលប្រាថ្នានូវសេចក្តីសុខ តាមរយៈព្រះធម៌ ដ៏ឧត្តុង្គឧត្តម ដែលព្រះសម្មាសម្ពុធព្រះបរមគ្រូនៃយើង ដែលព្រះអង្គ បានផ្តល់ឱវាទ គឺមិនមានសេចក្តីសុខណាស្មើសេចក្តីស្ងប់ឡើយ។ ព្រះករុណាជាអម្ចាស់មានព្រះរាជបន្ទូលទៀតថា សេចក្តីស្ងប់ជាសេចក្តីសុខដ៏ប្រសើរបំផុត សម្រាប់អប់រំផ្លូវចិត្តចំពោះពុទ្ធបរិស័ទ ដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមព្រះធម៌វិន័យ។

ព្រះរាជបន្ទូល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ អាទិត្យ ម្សិលមិញ ក្នុងឱកាសបានសព្វព្រះរាជប្ញទ័យ ស្តេចយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលស្ថិតនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលថា៖ មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី នេះអាចសាងសង់ឡើងបានអស្រ័យ ដោយមានការចូលរួមពីសំណាក់ ពុទ្ធបរិស័ទពីគ្រប់ទិសទី។

សម្តេចមានបន្ទូលបន្តថា មណ្ឌលនេះ នឹងបម្រើផលប្រយោជន៍ ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលដ៏ធំធេង ស្របតាមមាគ៌ា នយោបាយ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេច មានព្រះបន្ទូលទៀតថា បន្ទាប់ពីព្រះករុណាជាអម្ចាស់យាង កាត់ខ្សែមង្គល ខ្សែបូរដាក់ឱ្យប្រើប្រាស់ ទីតាំងមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនីនេះ នឹងបានជួយអប់រំ ដល់មនុស្សគ្រប់វ័យលើផ្នែកចិត្តវិញ្ញាណ ដែលជាមូលដ្ឋានជីវិតមួយដ៏សំខាន់ នៅក្នុងការគ្រប់គ្រង សរីរាង្គកាយ របស់មនុស្សទាំងមូល។

សូមបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច និងការងារកិច្ចការបរទេសនាពេលកន្លងមក ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជា ការស្តារ ការអភិវឌ្ឍ ការកែទម្រង់រដ្ឋស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ សុខុមាលភាព និងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋ ដែលបានធ្វើឱ្យមាតុភូមិអង្គរ ជាទីស្នេហាមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស៕SRP