ខេត្តសៀមរាប៖មនុស្សប្រមាណ ជាង១ពាន់នាក់ដែលមកពីស្ថានប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ សិស្សនិស្សិត ព្រមទាំងព្រះសង្ឃផង បានចូលរួមពិធីបួងសួង សូត្រមន្តចំរើនព្រះបរិត្តនិងពិធីរាប់បាត្រប្រគេនទ័យទាន ចំពោះព្រះសង្ឃ នៅក្នុងការរៀបចំប្រារព្ធព្រឹត្តិការណ៍ រំលឹកគុណអង្គរ ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត តាំងតែពីព្រឹកព្រលឹមថ្ងៃទី១៤ខែធ្នូឆ្នាំ២០២២។
លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ពិធីបុណ្យរំលឹកគុណអង្គរ នេះ គឺរៀបចំឡើងដើម្បីអរគុណដល់សន្តិភាព និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលជានិច្ចជាកាល តែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ ជាអាទិភាពនិងតែផ្ញើសាររំលឹកដល់ជនរួមជាតិ ឱ្យចូលរួមការពារបេតិកភណ្ឌរបស់ជាតិ ដើម្បីជាប្រយោជន៍រួមនោះ។
ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ទៀតថា តាមរយៈព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ យើងទាំងអស់គ្នាមិនភ្លេចឡើយថាប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចទាំងពេលបច្ចុប្បន្ននិងទៅអនាគត ក្នុងការចូលរួមអភិរក្សនិងការពារអង្គរ ពីព្រោះអង្គរមិនត្រឹមតែ ជារតនៈសម្បត្តិ នៃបេតិកភណ្ឌរបស់ជាតិប៉ុណ្ណោះទេ គឺអង្គរក៏ជាសម្បត្តិវប្បធម៌ របស់មនុស្សជាតិ នៅទូទាំងពិភពលោកផងដែរ។
អញ្ជើញជាគណអធិបតី ជំនួសឱ្យប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានថ្លែងថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នេះ គឺជាការរំលឹកមួយទៅដល់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើនដើម្បី ការពារអង្គរ ឱ្យបានគង់វង្ស បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នា ដែលជាកុលបុត្រ កុលធីតាខ្មែរ ជំនាន់ក្រោយគឺជាអ្នកស្នងមត៌ក ទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេនថែរក្សាអង្គរតទៅទៀត។
លោក ជំទាវ ម៉ែន សំអន មានប្រសាសន៍ទៀតថាបេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌ គឺជាបេតិកភណ្ឌអរូបិយ របស់ជាតិយើង ហើយអង្គរ គឺជារតនៈសម្បត្តិ ដ៏មហាសាល ដែលមិនអាចកាត់ថ្លៃបាន។
ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ បានចាប់ផ្ដើមធ្វើឡើងជាប់គ្នារយៈពេល២ថ្ងៃមកហើយ ដោយកាលពីថ្ងៃទី១៣ខែធ្នូ មានក្រុមសិស្សានុសិស្ស ចំនួនជិត១ពាន់នាក់ អមដំណើរដោយលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរារួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានចូលរួមរំលឹកគុណ ដល់ ប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោក មិនអាចកាត់ថ្លៃបាន។
ព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំនេះ គឺចំពេលខួប៣០ឆ្នាំ នៃការដាក់បញ្ចូលអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌនៃពិភពលោក ដូច្នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងដាក់តាំងពិពរណ៍ ពាក់ព័ន្ធសកម្មភាពការជួសជុល អភិរក្សនិងការថែរក្សាបេតិកភណ្ឌជាច្រើន ព្រមទាំងពេលល្ងាចមានក្រុមរបាំ និងក្រុមរបស់ លោក ព្រហ្ម ម៉ាញ ចូលរួមសំដែងជូនសាធារណជន ឱ្យចូលទស្សនាដោយសេរីផង។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថាព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤-១៦ខែធ្នូ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២២ តទៅ ដើម្បីជាការចូលរួមចំណែក ដ៏សំខាន់ជាមួយផែនការមេនៃវិស័យទេសចរណ៍ របស់ខេត្តសៀមរាប ដោយសហការជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី លើការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិម្នាក់ យ៉ាងហោចណាស់បានមកទស្សនា អង្គរ បានម្ដងក្នុង១ឆ្នាំ ពោលគឺមកទស្សនាម្ដងហើយចង់មកទស្សនាម្ដងទៀត។
ជាមួយគ្នានេះដែរព្រឹត្តិការណ៍រំលឹកគុណអង្គរ ក៏ជាការបំផុសចលនាស្រលាញ់ និងការចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញ ដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ ផ្ទាល់ នៅតាមការដ្ឋាន ការងារអាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្ដែងសិល្បៈទស្សនីយភាព ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់និងចូលរួមថែរក្សា ការពារនិងលើកតម្កើងបេតិកភណ្ឌវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាផងដែរ៕SRP