[sr_post_carousel]

អភិបាលខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ ត្រូវប្រើអែប ដើម្បីបង់ប្រាក់ថ្លៃ ប្រមូលសំរាម តាមវិក្កយបត្រ

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នយើង កំពុងតែចរចា ជាមួយ ក្រុមហ៊ុនស៊ីនទ្រី ដើម្បីសាកល្បង កែប្រែរបៀបប្រមូលសំរាម គឺត្រូវកំណត់ឲ្យ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើការប្រមូលសំរាម លក់ទៅឲ្យក្រុមហ៊ុនផ្សេងមួយទៀត ក្នុង១តោនប្រមាណជា ១៨ដុល្លារ ហើយប្រជាពលរដ្ឋ នៅគ្រប់ខ្នងផ្ទះទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធអែប ដើម្បីបង់ប្រាក់ថ្លៃ សេវាប្រមូលសំរាមតាមវិក្កយបត្រ ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ការសាកល្បងផ្លាស់ប្ដូររបៀបរបប ប្រមូលសំរាមនេះ គឺយើង ធ្វើឡើងត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ សម្រាប់នៅក្រុងកំពង់ចាម និងនៅតាមបណ្តាស្រុកមួយចំនូនទៀត ហើយបើឃើញថាល្អ គឺយើងនឹងធ្វើបន្តទៅមុខទៀត ។

អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ ត្រូវបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមផងដែរ។ ពោលគឺត្រូវធ្វើគំរូដល់ប្រជាពលរដ្ឋ ក៏ដូច ជាការសំអាត ជាប្រចាំ គ្រប់តំបន់ គ្រប់ទីកន្លែង ឲ្យបានផុលផុស មានសោភ័ណភាព ល្អស្អាត និង ថែរក្សាធនធានធម្មជាតិ ប្រកបដោយ និរន្តរភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវរួមគ្នាបណ្ដុះនូវគំនិតដល់យុវជនយើង ក្នុងមនុស្សម្នាក់ ត្រូវចេះទុកដាក់សំរាប់ឲ្យបានត្រឹមត្រូវមួយផងដែរ។

ក្នុង​កិច្ចប្រជុំនេះ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិនិយោគ បីឆ្នាំរំកិល២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម​៕SRP