ភ្នំពេញ៖កូនប្រុសទី ២ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានបង្ហោះសារសម្ដែងនៅការប្រតិកម្ម បន្ទាប់ពីមានបុគ្គលមួយចំនួន បានចោទថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងសារផេកផ្លូវការរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រតិកម្មយ៉ាងដូច្នេះថា៖ ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។
លោកហ៊ុន ម៉ានីបានបន្តថា៖ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់”។
នៅក្នុងសារដដែល លោកហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕SRP