ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានថ្លែងប្រាប់ដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ កងកម្លាំងប្រដាប់អាវុធ បន្តធ្វើការបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ នានា ដែលកំពុងធ្វើសកម្មភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឱ្យបាត់បង់ធនធាន ដែលមាននៅក្នុងបឹងបួរ ស្ទឹង ឬទន្លេ ក្នុងនោះផងដែរ ត្រូវតែបន្តធ្វើការបង្រ្កាប បទល្មើសល្បែងស៊ីសងខុសច្បាប់នានា ដោយត្រូវធ្វើការចុះបង្រ្កាប ដូចភ្លៀងរលឹម មិនលែងដៃឡើយ ព្រោះបើសិនយើងធ្វើការបង្រ្កាបម្ដងហើយរួចឈប់ បទល្មើសល្បែងស៊ីសងខុសច្បាប់នៅតែបន្តកើតមានដដែល។
លោកសុខ លូ បញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ នៅថ្ងៃ អង្គារ ម្សិលមិញ។
លោក សុខ លូ ក៏បានធ្វើការណែនាំដល់ មេឃុំ ចៅសង្កាត់ទាំងអស់ សហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការចុះសម្ភាសន៍ និងស្វែងរកជនងាយ រងគ្រោះបំផុត ដើម្បីធ្វើការផ្ដល់ជូនជាប័ណ្ណសមធម៌ ជូនគាត់ដែលអាចទទួលបានប្រាក់ឧបត្ថម្ភ ពី រាជរដ្ឋាភិបាលប្រចាំខែផងដែរ។
លោកក៏បានស្នើឲ្យបន្តធ្វើការទប់ស្កាត់ ការដឹកអីវ៉ាន់សំពីងសំពោង នៅតាមដងផ្លូវសាធារណៈ ដែលបង្កឱ្យមានគ្រោះថ្នាក់ នៅតាមដងផ្លូវជាយថាហេតុផង និងធ្វើឱ្យខូចផ្លូវថ្នល់ផងដែរ។ ដោយសារការដឹកទំនិញលើសចំណុះបែបនេះ និងត្រូវបន្តធ្វើការរៀបចំអនាម័យបរិស្ថាន នៅតាមសាធារណៈ ដោយត្រូវធ្វើការស្វែងរកទីធ្លាទំនេរ សម្រាប់រៀបចំទុកដាក់សំរាម ឱ្យមានរបៀបរៀបរយ នៅតាមស្រុកទាំង១៤រៀងៗ ខ្លួន និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពី អនាម័យបរិស្ថាន អំពីរបៀបទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ ផងដែរ។
លោកបានបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំពិពរណ៌ម្ហូបអាហារ និងក្នុងគោលបំណង ដើម្បីដាក់តាំងបង្ហាញពីស្នាដៃម្ហូបអាហារ ដែលជាស្នាដៃកូនខ្មែរផង និងបង្ហាញអំពីម្ហូបអាហារ ប្រចាំខេត្តបាត់ដំបង ជូនសាធារណជន ឱ្យបានស្គាល់ បានភ្លក់អំពីមុខម្ហូបសំខាន់ៗ ដែលមាននៅក្នុងខេត្តបាត់ដំបង ក៏ដូចជាធ្វើការផ្សព្វផ្សាយ អំពីមុខម្ហូបនៅខេត្តបាត់ដំបង ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកំសាន្តផងដែរ៕SRP