អភិបាលខេត្តបាត់ដំបង៖ ពូជស្រូវមិនប្រកាន់រដូវ ដែលជាអំណោយ របស់សម្ដេចហ៊ុន សែន ផ្ដល់ជូនដល់កសិក កំពុងដុះលូតលាស់យ៉ាងល្អស្ទើរតែ១០០%

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ពូជស្រូវមិនប្រកាន់រដូវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនដល់កសិក ររងគ្រោះដោយសារទឹកជំនន់ ដើម្បីស្ដារលទ្ធភាពឡើងវិញ កំពុងដុះលូតលាស់យ៉ាងល្អស្ទើរតែ១០០%។

លោកសុខ លូ អភិបាលខេត្ត នៅថ្ងៃចន្ទ ម្សិលមិញ បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវពីប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា សម្ដេចហ៊ុន សែន ដើម្បីធ្វើការស្ដារលទ្ធភាព ឡើងវិញសម្រាប់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកន្លងមក។

លោកសុខលូ បានបន្តថា ពូជស្រូវមិនប្រកាន់រដូវ នេះកំពុងដុះលូតលាស់បានយ៉ាងល្អប្រសើរស្ទើរតែ១០០% ដោយការចុះធ្វើការវាយតម្លៃនេះ គឺធ្វើការចុះវាយតម្លៃនៅភូមិសាស្រ្ដ ចំនួនពីរផ្សេងគ្នា គឺនៅស្រុកថ្មគោល ស្ថិតក្នុងឃុំអន្លង់រុន និងស្រុកបវេល ស្ថិតក្នុងឃុំព្រៃខ្ពស់។

បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ខេត្តបាត់ដំបងមទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដុះស្រុវសរុប ៤៥,០១៥ហិកតា ផ្ទៃដីដែលខូចខាតមានចំនួន ២៦,៨០៥ហិកតា លើគ្រួសារសរុបប្រមាណ ជាង២ម៉ឺនគ្រួសារ ហើយគ្រួសារដែលខូចខាតស្រូវមានចំនួន ១២ ៤៥៤គ្រួសារ ដោយឡែកផ្ទៃដីដែលអាចធ្វើការស្ដារឡើងវិញបានសរុប ១២ ៤៥៤ហិកតា ត្រូវបានប្រើប្រាស់គ្រាប់ពូជចំនួន ១ ២៤៥តោន និង៤០០គីឡូក្រាម ដែលរហូតមកដល់ពេលនេះ គ្រាប់ពូជ ទាំងនោះបានធ្វើការដាំដុះលូតលាស់បានយ៉ាងល្អប្រសើរស្ទើរតែ១០០%ហើយ ខណៈប្រភពទឹកមានភាពគ្រប់គ្រាន់ និងធ្វើការប្រមូលផលបានឆាប់ៗនាពេលខាងមុខនេះ។

ប្រជាកសិករ ដែលបានទទួលបានពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតុំជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចហ៊ុន សែន ដែលសម្ដេច បានផ្ដល់ជាពូជស្រូវដល់ប្រជាកសិករ ក្នុងការស្ដារលទ្ធភាពឡើងវិញ បន្ទាប់ពីរងការខូចខាត ដោយសារទឹកជំនន់កន្លងមក ហើយបានធ្វើឱ្យដំណាំស្រូវ មានការលូតលាស់បានយ៉ាងល្អប្រសើរ និងត្រៀមក្នុងការប្រមូលផលនាពេលឆាប់ៗខាងមុខនេះ។

ក្នុងនាមជាប្រជាកសិករ ទូទាំងខេត្តបាត់ដំបងទាំងអស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈ ដែលមិនអាចកាត់ថ្លៃបាន របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេច តែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះ បានជួយដល់ប្រជាកសិករ ដែលរងគ្រោះ ដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលាផងដែរ៕SRP