ប្រជាពលរដ្ឋ ប្ដឹងអធិការក្រុងពោធិ៍សាត់ ពីបទប្រើ..អំ..ពើហិ..ង្សា និងប..ង្ករបួ..សស្នា..ម

ខេត្តពោធិ៍សាត់៖ប្រជាពលរដ្ឋ បានប្ដឹងលោក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងសហការី ករណីប្រើអំពើហិង្សាបង្ករបួសស្នាម។

ពាក្យបណ្ដឹងដែលដាក់ចូលស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២ បានឲ្យដឹងថា ឈ្មោះប្លុង មករា និងសន ពុធសុធាវឌ្ឍ ជម្រាបជូនលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់ ឲ្យ បានជ្រាបថា៖ កាលពីរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទីយប់ ដែលជាថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ យើងខ្ញុំជិះម៉ូតូ១គ្រឿងមានគ្នា៣ នាក់សំដៅទៅទិញបង្អែម ជូនម្ដាយឪពុកដែលនៅឯផ្ទះ។ ប៉ុន្តែមិនទាន់ដល់គោលដៅទេ ប្រពន្ធរបស់ ប្លុង មករា បានទូរស័ព្ទមក ហើយពេលនេះ ប្លុង មករា ក៏បានលើកទូរស័ព្ទ ដោយឈប់ម៉ូតូអែបទៀត ត្រង់ចំណុចសួនច្បារថ្មីជិតស្ពានថ្ម ផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់។ ស្រាប់តែពេលនោះ មានសមត្ថកិច្ច៥នាក់ ដើរមករកពួក គេទាំង៣នាក់ ហើយបញ្ជាឲ្យចុះពីលើម៉ូតូសុំឆែកឆេរ។ ពេលនោះពួកគេទាំង៣នាក់ បានចុះពីលើម៉ូតូឲ្យសមត្ថកិច្ចឆែកឆេរ។ នៅក្នុងពេលឆែកនោះ ពុំមានរកឃើញអ្វីទេ។ ដោយនៅក្នុងកែបម៉ូតូមានតែកាបូបលុយ១ និងខ្សែសាកទូរស័ព្ទ១ប៉ុណ្ណោះ។ ពេលនោះសមត្ថកិច្ចបានសួរជនរងគ្រោះ ទាំងបីនាក់ថា ម្ដេចបានអត់សហការជាមួយ សមត្ថកិច្ច? ពេលនោះប្លុង មករា ឆ្លើយថា ខ្ញុំសហការ ហើយតើបង! បងសុំឆែកឆេរម៉ូតូ ខ្ញុំឲ្យបងឆែកហើយ។

ពាក្យបណ្ដឹង បានសរសេរទៀតថា ពេលនោះសមត្ថកិច្ច បានមើលមុខ ឈ្មោះប្លុង មករា មើលលើ មើលក្រោម ដោយនិយាយថា ពួកឯងមានភិនភាគ ដូចពួកអាកាប់គេយប់មិញ? ពេលនោះ ប្លុង មករា តបទៅវិញថា ខ្ញុំអត់ដឹង អីទេបង ខ្ញុំមិនដែលមានរឿងជា មួយនរណាទេ។ ស្រាប់ តែពេលនោះ សមត្ថកិច្ច បានវាយឈ្មោះប្លុង មករា មួយដៃហើយមួយដៃទៀត។ ហើយប្លុង មករា បានលើកដៃរង ដោយសួរថា បង ខ្ញុំខុសអីបានជាបងវ៉ៃខ្ញុំ? ស្រាប់តែពេលនោះសហការី នៃកម្លាំងសមត្ថកិច្ច ម្នាក់ ឈ្មោះសំណាង បានស្ទុះមកក្រៀកក ឈ្មោះប្លុង មករា បោកផ្ដួលទៅលើដី ហើយនគរបាល២នាក់ទៀតមកព្រួតវាយឈ្មោះ ប្លុង មករា បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។

ពាក្យបណ្ដឹងបានសរសេរទៀតថា បន្ទាប់មកអ្នករួមដំណើរជាមួយ ប្លុង មករា គឺឈ្មោះសន ពុទ្ធសុធាវឌ្ឍ ឃើញហេតុការណ៍បែបនេះក៏ទាញទូរស័ព្ទមកថត។ ប៉ុន្តែមិនទាន់បានថតផង ក្រុមសមត្ថកិច្ចទាំងនោះ ស្ទុះទៅវាយឈ្មោះ សុធាវឌ្ឍ បណ្ដាលឲ្យរបួសនិងបានស្រែកថា អ្ហែងអ្នកកាសែតមែនឬ? ហើយអ្នកសារព័ត៌មានឬបានជាថត? ហើយក៏បន្តទៅវាយអ្នករួមដំណើរម្នាក់ ទៀតឈ្មោះដាប សុភ័ក្រ។

ពេលវាយរួចហើយ ក៏បាននាំឡើងរថយន្តសមត្ថកិច្ច ដើម្បីទៅកន្លែងរបស់ពួកគេ។ នៅពេលទៅដល់កន្លែង នគរបាលហើយសមត្ថកិច្ច បានប្រើអំពើហិង្សា ទៅលើអ្នករួមដំណើរជាមួយទាំងពីរនាក់នោះបន្ថែមទៀត ហើយបន្ទាប់មក ក៏ឲ្យពួកគេទាំងបីនាក់ ទៅដេកនៅក្នុងបន្ទប់ឃុំឃាំង ដោយប្រាប់ថា ចាំស្អែកទើបដោះស្រាយ។

លុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង ៣០នាទីព្រឹក ទើបចាក់សោទ្វារ ឲ្យជនរងគ្រោះទាំងបីនាក់ ធ្វើកិច្ចសន្យាមួយច្បាប់។ នៅលើក្រដាសកិច្ចសន្យានោះ បានសរសេរថា ជាករណីក្មេងទំនើង,ប្រើពាក្យសម្ដីមិនគួរសមជាមួយសមត្ថកិច្ច និងថាមិនសហការ ជាមួយសមត្ថកិច្ច ពេលសមត្ថកិច្ចចុះប្រតិបត្តិការ។

ពេលនោះ ជនរងគ្រោះទាំងបីនាក់ មិនព្រមផ្តិតមេដៃលើកិច្ចសន្យានោះទេ។ លុះរសៀលម៉ោង៣ ទើបមន្ត្រីនគរបាល ដែលធ្វើកិច្ចសន្យាបានមកសម្របសម្រួល នៅកន្លែងអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ នោះ ដោយនិយាយថា៖ ពួកឯងព្រមធ្វើកិច្ចសន្យាទៅ ឆាប់បានចេញ ទៅផ្ទះ។ ពេលនោះពួកជនរងគ្រោះបានសួរថា បើខ្ញុំព្រមផ្តិតមេដៃ តើខ្ញុំអាចប្ដឹង លោកអធិការនិងបក្សពួក ដែលបានប្រើអំពើហិង្សា លើខ្ញុំបានដែរឬទេ? ពេលនោះមន្ត្រីធ្វើកិច្ចសន្យាបាននិយាយថា បាន ! កិច្ចសន្យានេះគ្រាន់ តែធ្វើឲ្យតែបានចេញពីកន្លែងនេះទេ។ សំខាន់ឲ្យតែពួកឯងបានចេញពីកន្លែងនឹងសិនទៅ។

ដោយហេតុនេះទើប ជនរងគ្រោះ ទាំងបីនាក់ផ្តិតមេដៃ លើកិច្ចសន្យាដើម្បីប្រញាប់មកដាក់ពាក្យបណ្ដឹង។

នៅក្នុងពាក្យបណ្ដឹង ពួកគេបានស្នើសុំ ឲ្យលោកឧត្តម សេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់ ពិនិត្យរបាយការណ៍ និងកំណត់ហេតុ របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឡើង វិញ, ស្នើសុំសំណងព្យាបាល របួសចំនួន១ម៉ឺនដុល្លារ និងសំណងជំងឺចិត្តប៉ះពាល់កិត្តិយសបាត់បង់ពេលវេលា បម្រើការងារច្រើន ,បដិសេធចំពោះកំណត់ហេតុ និងរបាយការណ៍ ដែលចោទប្រកាន់របស់លោកកែវ សារី ព្រោះមិនអាចទទួលយកបានឡើយ។

ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក កែវ សារិ អធិការនគបាលក្រុងពោធិ៍សាត់ នៅឡើយទេ ជុំវិញរោងបណ្ដឹងនេះ៕SRP