ភ្នំពេញ៖លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កសិករនៅខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង មានចិត្តសប្បាយរីករាយដែលពួកគាត់បានលក់ស្រូវ ដែលប្រមូលផលបានទៅតាមតម្លៃកំណត់។
ការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យ៉ាងដូច្នេះ បន្ទាប់ថ្មីៗនេះ ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមូលផលស្រូវបានប៉ុន្តែតម្លៃស្រូវហាក់ចុះតម្លៃ។
លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា បន្ទាប់ពីក្រុមការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍ រក្សាស្ថេរភាព ថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចមក ជាលទ្ធផល កសិករនៅខេត្តទាំងពីរ មានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃ ដែលបានកំណត់ ហើយមកទល់ពេលនេះរោងម៉ាស៊ីន នៅតែបន្តប្រមូលទិញយ៉ាងសស្រាក់សស្រាំ។
រដ្ឋមន្ត្រីកសិកម្មបន្តថា ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យប្រជាកសិករ យើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដែលស្រូវមានតម្លៃធ្លាក់ថ្លៃ ដោយសារតែប្រជាកសិករប្រមូលផលព្រមៗគ្នា។ ជាមួយគ្នានេះក្រសួងកសិកម្មក៏បានពាវនាវឲ្យមានការបញ្ឈប់បង្ហោះព័ត៌មាននៅករណីមិនពិតចំពោះតម្លៃស្រូវផងដែរ៕SRP