ខេត្តសៀមរាប៖អង្គភាពរដ្ឋបាលគយកម្ពុជា និងស្ថាប័នគយរបស់វៀតណាម បានផ្ដោតទៅលើការប្រមូលចំណូលពន្ធ និងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្រ្កាបបទល្មើសគេចនិងបន្លំពន្ធ និងកិច្ចសហប្រតិបត្តិការគយ ក្នុងនោះបន្តពង្រឹងបង្ការទប់ស្កាត់ ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ផងដែរ។
លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃអង្គារ ម្សិលមិញ បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណាម ដែលដឹកនាំដោយ លោកបណ្ឌិត Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម នៅទីរួមខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំ ពិភាក្សាគ្នាយ៉ាងផុលផុស រដ្ឋបាលគយនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហ-ប្រតិបត្តការលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់
តាមរយៈអនុវត្តប្រតិបត្តិការរួមគ្នា, ពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ដើម្បីផ្លាស់ប្តូរព័ត៌មាន
ទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។
២. ពន្លឿនចរាចរទំនិញនាំចេញ នាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ភាគីវៀតណាមបានយល់ព្រមលើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជាដោយអនុវត្តតាមគោលការណ៍រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់ ។
៣. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យ
រួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។
៤. បានឯកភាពគ្នាចាត់តាំងមន្ត្រីជំនាញ IT ឲ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយសម្រាប់
ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អំពីអត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញ
ទាំងនោះ។
៥. ផ្លាស់ប្ដូរទស្សនកិច្ចសិក្សាមន្ត្រីគយ ដើម្បីបង្កើនកិច្ចសហការមិត្តភាព និងរៀនសូត្រដកស្រង់បទពិសោធន៍
ទៅវិញទៅមក។
៦. គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ។
៧. រៀបចំកិច្ចប្រជុំទ្វេភាគីបន្ទាប់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤។
កិច្ចប្រជុំបានដំណើរការទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាមិត្តភាព សហការខ្ពស់ និងបានបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលប្រកបដោយផែ្លផ្កា៕SRP

