អភិបាលខេត្តកំពង់ចាម ណែនាំពលរដ្ឋ ហាមកូនចៅ មិនឲ្យទៅលេង នៅក្បែមាត់ច្រាំងទន្លេប្រឈមគ្រោះថ្នាក់

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានដាក់វិធានការ ដើម្បីការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ជាចំបង ដោយ លោកបានណែនាំឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រឈម រៀបចំរបងការពារ និងហាមប្រាមកូនចៅ ជាពិសេស ក្មេងតូចៗ មិនឲ្យទៅឈលេង នៅក្បែមាត់ច្រាំងទន្លេប្រឈមនោះ ដើម្បី បញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ទម្រាំក្រុមការងារបច្ចេកទេស ការជុសជុលច្រាំង រួចរាល់ហើយ។

លោកអ៊ុន ចាន់ដា ណែនាំយ៉ាងដូច្នេះនៅពេលដឹកនាំ​មន្ត្រី​ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដោយសារទឹកភ្លៀងហូរច្រោះ នៅភូមិ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​របស់​អាជ្ញាធរ​មូមូលដ្ឋាន នៅថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​។

លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញពិនិត្យច្រាំងព្រែកកៀនជ្រៃ ដែលក្រុមបច្ចេកទេស ទើបនឹងបានច្រកដីខ្សាច់ទប់ច្រាំងព្រែក ដែលបានបាក់កន្លងទៅ ហើយកាន់តែខិតជិត មកដល់ផ្លូវ ដែលប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃកន្លងមកផងដែរ។

បើតាមសេចក្ដីរាយការណ៍ អាជ្ញាធរស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេនេះបានកើតឡើង ក្នុងភូមិចំនួន ៣ មាន ÷ ភូមិខ្ពបតាងួន ព្រះអណ្ដូង ពាមកោះស្នា ដែលមានប្រវែង ០៥គីឡូម៉ែត្រ។ ដោយឡែក ក៏មានហេតុការណ៍បាក់ស្រុតថ្មីៗ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា នេះ មានប្រវែង ៥០ម៉ែត្រ បាក់ចូលក្នុងដីប្រជាពលរដ្ឋ ប្រវែងប្រមាណជា ១៥ ទៅ ២០ម៉ែត្រ។

សូមបញ្ជាក់ថា ដើម្បី បញ្ជៀសការបាក់ស្រុតច្រាំងទន្លេនេះ បន្តទៀត ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជា មន្ទីរជំនាញ ក្នុងខេត្ត ក៏គ្រោងនឹងធ្វើការជួសជុល ឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។

ប្រជាពលរដ្ឋ នៅក្នុងឃុំគៀនជ្រៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ប្រមុខរាជរដ្ឋាភិបាល ពិសេស អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួសជុលមាត់ព្រែកនេះ ឡើងវិញ ដើម្បី ទុកជាប្រយោជន៍រួម សម្រាប់ថ្ងៃអនាគត ផងដែរ៕SRP