លោកយឹម ឆៃលី៖ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លា..ប់ ដោយការអត់អាហារឡើយ

0

ខេត្តកំពង់ចាម៖លោកយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់អាហារឡើយ។

លោកបានបន្ដទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមសោកស្ដាយ ចំពោះ ការខាតបង់ទ្រព្យសម្បត្ដិ របស់បងប្អូន ក្នុងស្រុកបាធាយ ក៏ដូចជាស្រុកដទៃទៀត ក្នុងខេត្តកំពង់ចាម ដោយសារទឹកជំនន់នេះ។

លោកបានបញ្ជាក់ថា ទឹកជំនន់ពេលបានកើតមានជាច្រើនប្រទេស លើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងពីទឹកភ្លៀងផង និងជំនន់ទន្លេមេគង្គផងដែរ។ ដូចនេះ ដើម្បី សម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ រាជរដ្ឋាភិបាល តែងផ្តល់អំណោយសង្គ្រោះបន្ទាន់ និងផ្តល់ពូជស្រូវ ដល់ប្រជាកសិករ ដើម្បី ស្តារការដាំដុះឡើងវិញ នៅពេលទឹកស្រក។

លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន គីជាបិតាសន្តិភាពនៅកម្ពុជា ជាស្នូល នៃការបង្រួបប្រួមជាតិ ជាស្នូលនៃការកសាង និងអភិវឌ្ឍជាតិ ជាជើងឯកក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ តាមរយៈ យុទ្ធសាស្ត្រស្រោចវ៉ាក់សាំង នៅគ្រប់តំបន់ទូទាំងប្រទេស។ ហើយឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗ ប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទ ដ៏ប្រពៃ សម្រាប់ប្រជាជាតិខ្មែរ ដែលជាប្រភព ដ៏រឹងមាំ ក្នុងការពារ និងអភិវឌ្ឍជាតិ លើគ្រប់វិស័យ។

លោកយឹម ឆៃលី ក៏បាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូ អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេស ក្នុងស្ថានភាពដែលបងប្អូន បាននឹងកំពុងរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីទ្បើយ។

លោកយឹម ឆៃលី មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាស នាំយក​ពូជ​ស្រូវ​របស់​រាជរដ្ឋាភិបាល​ជាង៥០០តោន ចែក​ជូន​ពលរដ្ឋ​ នៅ​ស្រុកបាធាយ​ ព្រៃឈរ​ និង​ស្រុកជេីងព្រៃ​៕SRP