ខេត្តបាត់ដំបង៖ក្នុងឱកាស ដឹកនាំកិច្ចប្រជុំបូកសរុបត្រួតពិនិត្យការងារប្រចាំខែ និងលើកទិសដៅការងារចាំបាច់មួយចំនួន នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា បញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ត្រូវតែបន្តខិតខំបង្រ្កាបឱ្យបាន មានប្រសិទ្ធិភាព ដើម្បីធានាថា នៅក្នុងមូលដ្ឋានរបស់ខ្លួនមិនមានបញ្ហាការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនផ្សេងៗ នៅក្នុងភូមិសាស្រ្ដរបស់ខ្លួន និងត្រូវធានាថា មិនមាន ករណីល្បែងស៊ីសងខុសច្បាប់ ព្រោះថាទង្វើទាំងអស់នេះ គឺជាទង្វើមួយដែលធ្វើឱ្យនៅតាមភូមិ ឃុំ សង្កាត់ មានភាពអសន្ដិសុខ បង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។
នៅក្នុងកិច្ចប្រជុំលោក សុខ លូ ក៏បានធ្វើការបន្តណែនាំដល់អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត គួរតែមានអ្នកនាំពាក្យ នៅតាមអង្គភាពសាមី ដើម្បីធ្វើការទប់ស្កាត់ បញ្ហាការ ផ្សព្វផ្សាយបំពុលពីសំណាក់ជន មួយចំនួន ដោយត្រូវធ្វើការឆ្លើយតបភ្លាមៗ ចំពោះព័ត៌មានបំពុលទាំងនោះ ហើយត្រូវគ្រប់គ្រង អ្នកសារព័ត៌មាន ដែលមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណ ត្រូវឧស្សាហ៍ ជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាន ទាំងនោះ ដោយធ្វើការបង្ហាញពីច្បាប់ ឬសុជីវធម៌ ឬវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីលុបបំបាត់ការផ្សព្វផ្សាយលក្ខណៈបំពុលសង្គម ធ្វើឱ្យសង្គម មានភាពរញ៉េរញ៉ៃ ផងដែរ។
លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ជាលំដាប់ ក្នុងន័យដើម្បីបម្រើ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផងដែរ៕SRP

