ចាប់ខ្លួនខ្មែរនិងវៀតណាម២នាក់ រឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម

0

ខេត្តស្វាយរៀង៖បុរសខ្មែរនិងវៀតណាម២នាក់ ត្រូវបានចាប់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀន ជិត២០គីឡូក្រាម។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអែម សុវណ្ណារិទ្ធិ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

២.ឈ្មោះ វ៉ាន់ សុផា អាយុ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។

មន្ត្រីបានបន្តថា ប្រតិបត្តិការនេះ រឹបអូសយកវត្ថុតាងរួមមាន:

– ថ្នាំញៀន ប្រភេទហេរ៉ូអុីន ទម្ងន់ ៣៥០២ក្រាម

– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២៩៨៦ក្រាម

– ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣០០០ក្រាម(សរុបទម្ងន់ ១៩kg៤៨៨ក្រាម)

– អាវុធខ្លីធុន K54ចំនួន០១ដើម បង់០១ គ្រាប់ចំនួន០៨គ្រាប់

– ម៉ូតូ ០១គ្រឿងនិងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន០១។

បច្ចុប្បន្នកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត៕SRP