សម្តេចសាយ ឈុំ៖ កុំមើលស្រាលចំពោះគណបក្សប្រឆាំងថា គ្មានធ្វើសកម្មភាព ត្រូវវាយបកភ្លាមជាបន្ទាន់

0

ខេត្តពោធិ៍សាត់៖ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសុំឲ្យក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលចុះជួយឃុំសង្កាត់ជួយឃុំ សង្កាត់ឲ្យចេះធ្វើកម្មវិធីនយោបាយបក្ស រដ្ឋ ពង្រឹងពង្រីកសមាជិកគណបក្ស ជួយរាល់បញ្ហាដែលទាក់ទងនឹងការបោះឆ្នោត ចញ្ចឹមចលនា តាំងស្មារតី និងសម្ភារ កុំមើលស្រាលចំពោះគណបក្សប្រឆាំងថាគ្មានធ្វើសកម្មភាព ត្រូវវាយបកភ្លាមជាបន្ទាន់ ពីឧបាយកលរបស់ពួកបក្សប្រឆាំង។

សម្តេចបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។ ទាក់ទងនឹងការងារបោះឆ្នោតសម្តេចក៏បានផ្តាំផ្ញើឱ្យជម្រុញសមាជិក សមាជិការបស់បក្ស ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណដល់អ្នកដែលគ្រប់អាយុ ដើម្បីឈានទៅរកភាពជោគជ័យទៅថ្ងៃខាងមុខ។

សម្តេចសាយ ឈុំ បានផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។

សម្ដេចបន្តថាអ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។ រក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ តំណាងរាស្ត្រឆ្នាំ ២០២៣ ដែលនោះត្រូវពឹងផ្អែកលើបរិមាណ និងគុណភាពសមាជិកគណបក្សប្រជាជន និងអំពើល្អរបស់មន្ត្រីគណបក្សទើបទទួលបានជ័យជំនះហើយប្រែក្លាយពាក្យស្លោករបស់បក្សឲ្យទៅជាការពិត ដែលបានលើកឡើងគ្រប់មហាសន្និបាតបក្ស។

ជម្រាបថាពិធីធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ម្សិលមិញ នៅទីស្នាក់ការបក្ស ដោយអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ត្រូវបានគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចផ្ទេរតំណែង ជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលត្រូវបានផ្ទេរទៅទទួលមុខតំណែងថ្មី អភិបាលខេត្តកំពត និងប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត៕SRP