រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់មន្ត្រីទាំងអស់ ឲ្យបម្រើប្រជាពលរដ្ឋ ដោយមានសេចក្ដីសុខ និងគ្មានការភ័យខ្លាច

0

ខេត្តរតនគិរី៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានប្រាប់ដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋ ឲ្យបានល្អបំផុត ក្នុងការប្រកបរបរអាជីវកម្ម របស់ពួកគាត់ ដោយធានាឲ្យបាននូវសេចក្តីសុខ និងគ្មានការភ័យខ្លាច ព្រមទាំង ដោះស្រាយបញ្ហាជូនពួកគាត់ភ្លាមៗ បើសិនជួបបញ្ហាអ្វីមួយ។

សម្ដេចស ខេង ក៏បានណែនាំបន្តដល់អាជ្ញាធរទាំងអស់ ត្រូវពង្រឹងបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈ ដោយសម្តេចបានសង្ងត់ធ្ងន់ថា នេះគឺជាកិច្ចការយ៉ាងសំខាន់ចំពោះការអនុវត្តគោនយោបាយ ភូមិ-ឃុំ មានសុត្ថិភាព ដោយសារ សមស្របទៅនឹងស្ថានភាពជាក់ស្ដែង។

សម្ដេចមានប្រសាសន៍ថា «ការថែរក្សា និងការពង្រឹងសន្ដិភាព និងស្ថេរភាពនយោបាយ គឺបម្រើការបោះឆ្នោត ហើយបម្រើជីវិភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាយើង។ ចឹងទេ បញ្ហានេះ យើងមិនអាចបន្ធូរដៃ ហើយគេហៅថា សន្ដិភាពនិយម ស្ពឹកស្រពន់ មិនទទួលខុសត្រូវ ឬមិនដោះស្រាយទេ។ ចាំបាច់ត្រូវធ្វើយ៉ាងម៉េច? ដើម្បីប្រជាពលរដ្ឋ ឱ្យពួកគាត់រស់នៅប្រកបអាជីវកម្ម ដោយគ្មានការភ័យខ្លាច»។
សម្ដេចបានគូសបញ្ជាក់បន្ដទៀតថា រដ្ឋបាលរាជធានី-ខេត្ត ឬ ស្រុក-ក្រុង គឺជាតួអង្គដ៏មានសារសំខាន់ ក្នុងការគ្រប់គ្រងសន្ដិសុខនៅក្នុងតំបន់ ឬក៏ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានគ្រប់គ្រង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្ដីសុខ និងរីកចម្រើន។

សម្ដេច ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលអភិបាលខេត្តរតនគិរី ថ្មី នាថ្ងៃទី១២ ខែតុលា ម្សិលមិញ នៅសាលាខេត្តរតនគិរី៕SRP