ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដាក់ផែនការឲ្យខណ្ឌរដ្ឋបាលជលផល ត្រូវរៀបចំកម្លាំងជំនាញចុះល្បាតត្រួតពិនិត្យជាប្រចាំនៅតាមដងទន្លេមេគង្គ ក៏ដូចជាតំបន់អតីតឡូនេសាទនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដេីម្បីទប់ស្កាត់បង្រាបនូវឧបករណ៍នេសាទខុសច្បាប់ ដែលប្រព្រឹត្តឡើងដោយជនឆ្លៀតឱកាសមួយចំនួន ក្នុងរដូវទឹកឡេីងនេះ ដោយក្នុងអំឡុងខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ក៏មានទូកអូសយ៉ាំងកាវ បើកបុកទូកប្រជាពលរដ្ឋ នៅកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង ស្រុកកំពង់សៀម បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ និងរងរបួសម្នាក់ផងដែរ។
លោកអ៊ុន ចាន់ដា ក៏បានជំរុញដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ឲ្យរៀបចំគម្រោងជួសជុលផ្លូវក្រាលកៅស៊ូមួយចំនួន ដែលរងការខូចខាតដោយសារបញ្ហាដក់ទឹក ក្នុងនោះក៏មានផ្លូវនៅតំបន់ថ្មគោល ភូមិចុងថ្នល់ និងភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលត្រូវអនុវត្តនៅរដូវស្ងួតទឹកភ្លៀងខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន ១-ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រី មាសទី៣ (កក្កដា សីហា កញ្ញា) និងទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ របស់ រដ្ឋបាលខេត្តកំពង់ចាម។
៣-ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងារត្រីមាសទី៤( តុលា វិច្ឆិកា ធ្នូ ) ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ រៀបចំគម្រោងខេត្ត ឆ្នាំ២០២២៕SRP

