អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យច្រាំងទន្លេ​ ដែលរងការបាក់ស្រុត​ នៅស្រុកកងមាស

0

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និងជា​ប្រធាន​គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត​ នៅព្រឹក​មិញនេះ​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​​ ចុះពិនិត្យ​ស្ថានភាព​ច្រាំង​ទន្លេ ដែលរងការបាក់ស្រុត បណ្តាលឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ ស្ថិតនៅក្នុងភូមិល្វាលេី​ ឃុំស្តៅ​ ស្រុកកងមាស​ ខេត្តកំពង់ចាម​។​

លោកអ៊ុន​ ចាន់ដា​ បាន​ជំរុញ​ដាក់​ផែនការ​ឲ្យ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ប្រមូល​ទិន្នន័យ​​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ ដេីម្បី​ឈាន​ទៅ​ដល់​ បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ ព្រោះ​ក្នុង​១ឆ្នាំ​ៗ​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ដែលត្រូវ​ប្រឈម​ និង​រងគ្រោះ​ដោយ​ការ​បាក់​ច្រាំង​ ជាបន្តបន្ទាប់​។ អភិបាលខេត្ត ក៏បានផ្តល់​ប្រេង​ម៉ាស៊ូត​ ចំនួន​ ៣០០លីត្រ​ ជូនដល់​គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស​ ដេីម្បីធ្វេីការបូមរំដោះទឹកចេញពីក្នុង​ភូមិឋាន ​របស់ពលរដ្ឋ​ ដែលជា​ជំនាន់​ទឹកភ្លៀង​ផងដែរ​។

បើតាមលោក ភោគ សាវុធ អភិបាលស្រុកកងមាស បាន​ឲ្យដឹងថា​ ក្នុងចំណោម​ប្រជាពលរដ្ឋ​ ១០គ្រួសារ កំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ​ មានប្រជាពលរដ្ឋ ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើជាបន្ទាន់។

លោកអភិបាលស្រុក បានថា គ្រោះធម្មជាតិបាក់ស្រុតច្រាំង នៅចំណុចខាងលើនេះ បណ្តាលឲ្យដាច់ផ្លូវប្រវែង១៥ម៉ែត្រ ។ ដោយឡែក ច្រាំងទន្លេដែលបានបាក់ស្រុតនោះមានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ មិនបណ្តាលឲ្យខូចខាត ផ្ទះ​សំបែង​ប្រជាពលរដ្ឋនោះទេ តែផ្ទះប្រជាពលរដ្ឋ​ ចំនួន ៥គ្រួសារ កំពុងរងផលប៉ះពាល់ ក្នុងនោះ ៤គ្រួសារ ប្រឈម​តិចតួច​ និង ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើ ជាបន្ទាន់។

លោកក៏បានអះអាងថា ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង មូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតនោះ គឺដោយសារមានផ្លូវទឹក ននៅខាងក្រោមដី៕SRP