អភិបាលខេត្ត​កំពង់ចាម បញ្ជាឲ្យក្រុមមន្ត្រីរំដោះទឹកចេញ ពីចំណុចលិចលង់

អភិបាលខេត្ត​កំពង់ចាម បញ្ជាឲ្យក្រុមមន្ត្រីរំដោះទឹកចេញ ពីចំណុចលិចលង់

ខេត្ត​កំពង់ចាម៖លោកអ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​មន្ទីរជំនាញ យក​គ្រឿងចក្រ​កាយ​ជា​ប្រឡាយ ហេីយដាក់លូរំដោះ​ទឹក​ចេញ ដើម្បីបញ្ចៀស​ការខូចខាត​ដល់ហេដ្ឋារចនាសម្ព័ន្ធ និង​លិច​លង់ដល់​លំនៅដ្ឋាន​ ក៏ដូចជា​ផល​ដំណាំ​របស់​​ប្រជាពលរដ្ឋ។ ជាមួយ​នោះ រាល់​មធ្យោបាយ​ធ្វើដំណើរ គឺអាច​នៅ​ចរាចរណ៍​បាន​ដដែល ប៉ុន្តែមិន​តម្រូវ​ឲ្យ​បើកបរ​ក្នុង​ល្បឿន​លឿនឡេីយ ហើយក៏​មានការ​សម្រួល​ចរាចរណ៍ ពី​កងកម្លាំង​សមត្ថកិច្ច ផងដែរ។

ការបញ្ជានេះនៅព្រឹកមិញនេះ ក្នុងឱកាសលោកដឹកនាំមន្ត្រី ចុះពិនិត្យ ការលិចលង់ដោយជំនន់ទឹកភ្លៀងនៅ​កំណាត់​ផ្លូវជាតិលេខ៦ និងលេខ៧។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២០ កញ្ញា កន្លងទៅនេះ ជំនន់ទឹកភ្លៀងបានជន់លិច ទីតាំងចំនួន៣កន្លែង គឺ៖ ១.នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងស្រុកបាធាយ១កន្លែង។ ២.នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ១កន្លែង ហើយទីតាំងទាំង ២កន្លែងនេះ ត្រូវបានស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាយជាប្រឡាយរំដោះទឹកចេញពីថ្នល់​រួចរាល់​ហើយ។ ដោយឡែកកន្លែងទី ៣ គឺនៅចំណុចលើកំណាត់ផ្លូវជាតិ លេខ៧ ស្ថិតក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ក៏ព្រោះតែទឹកបានហូរកាត់ថ្នល់ រហូតមានជម្រៅត្រឹមជង្គង់។

ការលិចលង់បែបនេះ បន្ទាប់ពីភ្លៀងជាប់ៗ​គ្នា នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ភូមិសាស្ត្រខាងលើរងការលិចលង់៕SRP