សម្ដេច សខេង៖ នៅក្នុងឆមាសទី១នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ គឺកើតចេញពីការខិតខំប្រឹងប្រែងគ្រប់ភាគី

សម្ដេច សខេង៖ នៅក្នុងឆមាសទី១នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះ គឺកើតចេញពីការខិតខំប្រឹងប្រែងគ្រប់ភាគី

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍គឺជាមោទកភាពមួយ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី។

សម្ដេច ស ខេង បានសម្ដែងការកោតសរសើរមន្រ្តី និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាជំរុញការអនុវត្តច្បាប់ស្ដីពីចារណ៍ផ្លូវគោក ឱ្យទទួលបានលទ្ធផលល្អប្រសើរជាង៦ខែឆ្នាំ២០២០។

សម្ដេចក៏បានណែនាំឱ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងការបែងចែកប្រាក់ផាកពិន័យឱ្យមានតម្លាភាពដើម្បីលើកទឹកចិត្តកងកម្លាំង។ ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍វិញ សម្ដេចក្រឡាហោមបានកត់សម្គាល់ថានៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។

សម្ដេចក៏បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ សម្ដេចថាបើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង និងបញ្ជាក់ក្នុងន័យដើមថា«និយាយអ៊ីចឹង មិនមែនមានន័យថាលែងឱ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក៏បានបន្តមានប្រសាសន៍អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួនដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាំស្ដាំ ការជិៈម៉ូតូមិនពាក់មួកសុវត្ថុភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត។

ចំពោះទិសដៅការងារឆមាសទី២វិញ សម្ដេចឧបនាយករដ្ឋមន្រ្តីបានឯកភាព និងបានស្នើយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំ ផ្សព្វផ្សាយ ការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ព្រមទាំងជំរុញការផ្សព្វផ្សាយអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

សម្ដេចស ខេង ថ្លែងបែបនេះក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅព្រឹកមិញនេះ។

បើតាមលោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញរបាយការណ៍ថា នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ចំនួន១០៥.៩៩៥គ្រឿង ក្នុងនោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន៧៧.៧៩៤គ្រឿង ស្មើនឹង៧៣ភាគរយ ហើយក្នុងចំណោម៧៣ភាគរយនោះ មាន៩០ភាគរយមិនពាក់មួកសុវត្ថិភាព ៦ភាគរយល្មើសសញ្ញាចរាចរណ៍ ២ភាគរយគ្មានស្លាកលេខ ២ភាគរយប្រើទូរសព្ទ និង១ភាគរយទៀតស្រវឹងស្រា។

ដោយឡែករយន្តល្មើសវិញ មានចំនួន២៨.២០១គ្រឿង ស្មើនឹង២៧ភាគរយ ក្នុងនោះធុនធ្ងន់៦.៤៣១គ្រឿង។ ក្នុងចំណោមរថយន្តល្មើសនោះ មានបទល្មើសមិនពាក់ខ្សែក្រវ៉ាត់៥២ភាគរយ ល្មើសល្បឿន១៦ភាគរយ ប្រើទូរសព្ទ១០ភាគរយ គ្មានផ្លាកលេខ៥ភាគរយ ល្មើសសញ្ញាចរាចរណ៍៧ភាគរយ គ្មានបណ្ណបើកបរ៤ភាគរយ ដឹកលើសចំណុះ៤ភាគរយ គ្មានឆៀក១ភាគរយ គ្មានអាជីវកម្ម១ភាគរយ និងស្រវឹង១ភាគរយ។

ចំពោះសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ លោកជំទាវបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១.២៦១លើក (យប់៥៤ភាគរយ) បណ្ដាលឱ្យស្លាប់៧០៩នាក់ និងរងបួស១.៧៩២នាក់ ក្នុងនោះរបួសធ្ងន់១.០៤៦នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺល្មើសល្បឿន៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្ដាំ១៦ភាគរយ វ៉ាជែង៨ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ស្រវឹង៣ភាគរយ និងសុខភាព ងងុយ ១ភាគរយ។

ជាការកត់សំគាល់ ក្នុងចំណោមជនរងគ្រោះស្លាប់ មាន៧៨ភាគរយ គឺជាអ្នកជិះម៉ូតូ ស្មើនឹង៥៥៥លើ៧០៩នាក់ និងមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ ស្មើនឹង៣៨៥លើ៥៥៥នាក់។ ដោយឡែករាជធានីខេត្តដែលមានអត្រាគ្រោះថ្នាក់ច្រើន រួមមាននៅរាជធានីភ្នំពេញ៣៤០លើក, ខេត្តកណ្ដាល៨៦លើក និងខេត្តស្វាយរៀង៧៧លើក។ គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១នេះ បានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ស្លាប់ថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងរងរបួសថយចុះ៦៥៧ ស្មើនឹង២៧ភាគរយ៕SRP