លួចដាក់គ្រាប់បែកជាប់នឹងទ្រូ ម្ចាស់ទៅលើក បណ្ដាលឲ្យផ្ទុះស្លាប់ នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ខណ: ពេលទៅលើកទ្រូរបស់ខ្លួន ចំបង្កៃគ្រាប់បែកដែលជនមិនស្គាល់លួចដាក់ជាប់នឹងទ្រូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមរបាយការណ៍បានឲ្យដឹងថាករណីនេះក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិរំដេង បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល៩ និង៤០នាទីព្រឹក រូបគាត់បានទៅស្ទូង(ជួស)ស្រូវនៅវាលស្រែខាងលិចភូមិប្រហែល៣០០ម៉ែត្រ ដែលមានព្រំប្រទល់ជាប់និងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។ ពេលគាត់ទៅដល់ស្រែ បានឃើញមានធុងពណ៌សនៅលើភ្លឺស្រែដែលមានចម្ងាយប្រហែល៨០ម៉ែត្រប៉ុន្តែមិនឃើញមានមនុស្សទេ គាត់ក៏បានដើរទៅមើល ពេលគាត់ទៅដល់ក៏ឃើញមនុស្សដេកស្លាប់ក្បែរធុងសុីនោះ គាត់ក៏បានទៅប្រាប់គ្នារបស់ពួកគាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

របាយការណ៍បន្តថានៅសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យទើបដឹងថាជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ភេទប្រុសអាយុ៧៨ឆ្នាំ ទីលំនៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ដោយកាផ្ទុះគ្រាប់បែកដោយជនមិនស្គាល់មុខលួច(បង្កៃគ្រាប់បែក)ដាក់ជាប់និងទ្រូរបស់ជនរងគ្រោះ។

បើតាមការបំភ្លឺរបស់ឈ្មោះឆាវ រុិត ភេទប្រុសអាយុ៣៧ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ថាពុករបស់គាត់ដាក់ទ្រូនៅទីនោះ(ផ្លូវរទេះចាស់)រយ:ពេលជិត១០ឆ្នាំមកហើយ ហើយឆ្នាំនេះគាត់ទៅដាក់ទ្រូកន្លែងចាស់នោះប្រហែល៦.៧ថ្ងៃហើយព្រោះទើបមានទឹក ហើយរៀងរាល់ព្រឹកម៉ោង៦.៣០គាត់តែងតែទៅមើលទ្រូរបស់គាត់លុះដល់ម៉ោងប្រហែល៨.០០គឺពុករបស់គាត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែព្រឹកមុិញនេះ កូនដាំបាយឆ្អិនចាំពុកគាត់ដល់ម៉ោង៩.៣០នាទីនៅតែមិនឃើញមកផ្ទះទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថាពុកគាត់បានស្លាប់នៅកន្លែងដាក់ទ្រូបាត់ទៅហើយ។

បើតាមរបាយការណ៍បន្តថានៅវេលាម៉ោងប្រហែល៧និង២០នាទី ប្រជាពលរដ្ឋ នៅភូមិក្បែរកន្លែងកើតហេតុ បានឮសំលេងផ្ទុះដែរ ប៉ុន្តែស្មានថាផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះមេឃកំពុងតែភ្លៀងផងដែរ៕SRP