ខេត្តកំពង់ចាម នឹងបើកឲ្យសិស្ស ចូលរៀន​វិញ​នៅ​ថ្ងៃទី២០កញ្ញា និងខែតុលាខាងមុខនេះ

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ បានសម្រេចបើក​ឲ្យ​សិស្សានុសិស្ស​ចាប់ពី​អនុវិទ្យាល័យ និង​សាលា​ពុទ្ធិកៈ ចូល​សិក្សា​នៅ​ថ្ងៃទី២០ ខែកញ្ញា​ ខាងមុខនេះ។ ដោយឡែក​ថ្នាក់បឋម​ ត្រូវ​បេីក​ឲ្យ​ចូលសិក្សា​នៅថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ខាងមុខ​នេះ​ផង​ដែរ​។

ការ​សម្រេច​យ៉ាង​​ដូច្នេះ​ ក្នុង​កិច្ចប្រជុំ​​​ពិនិត្យ និង​វាយតម្លៃ អំពី​ការបើក​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​ឡើងវិញ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។​​

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា « រដ្ឋបាលខេត្ត​កំពង់ចាម នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​ចែកជា​ពីរ​តំណាក់កាល ដោយ​តំណាក់កាល ទី​១៖ ឲ្យ​សិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ និង​សាលា​ពុទ្ធិក​: ចូលរៀន​នៅ​ថ្ងៃទី២០ ខែកញ្ញា និង​តំណាក់កាល ទី​២៖ ឲ្យ​សិស្ស​ថ្នាក់បឋមសិក្សា ចូលរៀន​នៅ​ថ្ងៃទី ១១ ខែតុលា ដែល​ការសម្រេច​ឲ្យ​សិស្ស​ចាប់ពី​អនុវិទ្យាល័យ​ចូលរៀន​មុននេះ ដោយសារ​ពួកគាត់ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង​វ័យ​មួយ ដែល​ទទួលបាន​ការអប់រំ​ច្រើន អំពី​វិធានការ ការពារ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩»។

លោកបាន​ថ្លែង​បន្ត​ថា​ ចំពោះ​សិស្ស​ថ្នាក់បឋមសិក្សា រដ្ឋបាលខេត្ត និង​រៀបចំ​បើក​ឲ្យ​ពួកគាត់​ចូលរៀន​វិញ នៅ​តំណាក់កាល​ទី​២ ដោយ​ទុក​ឱកាស​ឲ្យ​លោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជា​អាជ្ញាធរ​ដែនដី បានរៀបចំ​យុទ្ធសាស្ត្រ ដើម្បី​គ្រប់គ្រង​ពួកគាត់​ឲ្យ​បានល្អ​ប្រសើរ​ជាមុនសិន ដោយហេតុថាសិស្ស​ថ្នាក់​បឋមគឺ​នៅ​តូចៗ ដែល​ពិបាក​គ្រប់គ្រង។​

លោកបាន​សង្កត់​ធ្ងន់​ថា ចំពោះ​ស្រុក​ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ការបើក​ឲ្យ​សិស្ស​ចូលរៀន​ គឺ​ត្រូវ​មើល​ទៅតាម​ស្ថានភាព​នោះដែរ ពោលគឺប្រសិនបើ​ មូលដ្ឋាន​នោះ​មាន​ការឆ្លង​ច្រើន ក៏មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើក​សាលា​នោះឡើយ​៕SRP