ខេត្តសៀមរាប៖រថយន្តមួយគ្រឿង ម៉ាកឆេរ៉ាលេត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២AQ ៣២៥៨ ទៅបានដើមឈើប្រភេទច័ន្ទគិរី ឬច័ន្ទតរ៉ៃ រលំសង្កត់បណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍បានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២១ នេះ ស្ថិតនៅមាត់ស្ទឹងសៀមរាប ជាប់នឹងកែងកាហ្វេប្រោន ស្ថិតនៅភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះទេ។ ជាមួយគ្នានេះ ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចចុះមកដល់ទីតាំងផងដែរ។ បើតាមម្ចាស់រថយន្ត ដែលរងគ្រោះក្នុងហេតុការណ៍នេះ បានបញ្ជាក់ថា ពួកគាត់មានគ្នាពីរនាក់ ដោយបើករថយន្តចតនៅចំណុចកើតហេតុ ហើយចូលទៅផឹកកាហ្វេនៅប្រោន ហើយចេញមកវិញ មិនទាន់ដល់រថយន្តផងក៏ដើមឈើរលំសង្កត់រថយន្តរបស់គាត់តែម្ដង។ ម្ចាស់រថយន្ត មានឈ្មោះ លឹម ឃាង អាយុ៧១ឆ្នាំរស់ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SRP

