រមណីយដ្ឋាន ក្នុងខេត្តបាត់ដំបង ទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ទាំង៧ចំណុច របស់ក្រសួងទេសចរណ៍

0

ខេត្តបាត់ដំបង៖លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានណែនាំដល់ម្ចាស់រមណីយដ្ឋានទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ទាំង៧ចំណុចរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖

១/ត្រូវកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លូនឱ្យស្របតាមនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំដូចកំណត់ក្នុងខ្លឹមសារប្រកាសលេខ០៨៥ ប្រក

២/ត្រូវគិតគូរពីសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះមុខ និងជំរុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានក្នុងបរិបទ “គន្លងប្រក្រតីភាពថ្មី”

៣/ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព

៤/ត្រូវអនុវត្តវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសវិធានការ “៣ការពារ ៣កុំ”

៥/ត្រូវចូលរួមផ្សព្វផ្សាយរាល់វិធានការនានាដែលបានដាក់ចេញដោយរដ្ឋាភិបាល និងក្រសួងស្ថាប័នមានសមត្ថកិច្ចសំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

៦/ត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវការស្កេន QR Code ទប់ស្តាត់កូវីដ១៩

៧/ជម្រុញការចូលរួមរបស់រមណីយដ្ឋានទេសចរណ៍ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយ នានាតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែងតែម្តង។

ការណែនាំនៅថ្ងៃទី៣និងទី៤ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលលោកដឹកនាំមន្ត្រីចុះផ្សព្វផ្សាយ និងដល់ម្ចាស់រមណីយដ្ឋាន និងអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ទាំងអស់ស្តីពី បទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ និងប្រកាសលេខ ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរឡើងវិញ។

សូមជម្រាបថាវិធានសុវត្ថិភាពនេះ មានចំណុចលំអិតចំនួន ៣០ ត្រូវវាយតម្លែស្នើនឹង ៣០០ ពិន្ទុ ចំពោះរមណីយដ្ឋានដែលទទួលបានពិន្ទុចាប់ពី ៩០ % ឡើងទៅនឹងទទួលបានលិខិតបញ្ជាក់ជូន ដែលមានសុពលភាព១ឆ្នាំផងដែរ៕SRP