ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានអះអាងថាក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចណ៍ ឲ្យបាត់បង់ជីវិតមនុស្ស មានការកើនឡើង។
សម្ដេច ស ខេង បានលើកឡើងថា៖ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ដែលយើងបានមើលឃើញថាករណីគ្រោះថ្នាក់នេះបានបណ្តាលឲ្យ អត្រាជនរងគ្រោះបាត់បង់ជីវិតមានការកើនឡើង នៅពេលដែលអត្រាអ្នករងរបួសមានចំនួនថយចុះ ធៀបនឹងខែកក្កដា កន្លងទៅនេះ។
សម្ដេច ស ខេង បន្តថាជាប្រការគួរឱ្យសោកស្ដាយបំផុតនោះ ដ្បិតតែនៅក្នុងខែសីហា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន១៩៩លើក ថយចុះចំនួន៩លើក ហើយអ្នករងរបួសមានចំនួន២៤១នាក់ ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ មានដល់ទៅ១២៣នាក់ ដែលកើនរហូតដល់ទៅ១៦នាក់ធៀបនឹងខែកក្កដាមុននេះ ដែលមានអ្នកស្លាប់ចំនួន១០៧នាក់។ ជាការកត់សម្គាល់ កំណើនអ្នក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស ៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងខែសីហា ឆ្នាំ២០២០កន្លងទៅវិញ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង២ភាគរយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជាថ្មីម្ដងទៀតខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។
សម្ដេចបន្ថែមថាក្នុងនាមប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំក៏សូមក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋយើង។ យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖ – ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ – គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប- បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់ បើស្រវឹង សូមកុំបើកបរ- គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ – គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ- ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕SRP

