ភ្នំពេញ៖តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋ អាយុចាប់ពី ១២ឆ្នាំឡើង សរុបជាង១០លាននាក់ហើយ។ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋ ប្រមាណ១២លាននាក់ ជិតរួចរាល់ហើយនោះ កម្ពុជាក៏កំពុងដំណើរការចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញ នេះជូនប្រជាពលរដ្ឋ ទូទៅផងដែរ។
ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំង ក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ ២៥លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ពីក្រុមហ៊ុនរបស់ប្រទេសចិន។
សូមជម្រាបថានៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។
វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃនេះ គឺជាវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធីសាស្ត្រដ៏ចម្បងមួយ សម្រាប់ រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩៕SRP

