ភ្នំពេញ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈានទៅបើករាជធានីភ្នំពេញនិងប្រទេសជាតិជាធម្មតាឡើងវិញ។
ការបញ្ជាបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២១នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោកនិងខណ្ឌប្ញស្សីកែវ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននិងកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។
លោកបញ្ជាក់ថា ៖យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញនិងនៅទូទាំងប្រទេស។
លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសនិងទប់ស្កាត់បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
អភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោកឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែងនៅព្រឹកមិញនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបាននូវការហូរចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរកន្លងមកនេះ។ ក្នុងនោះត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។
សូមជម្រាបថា លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មី ជាអភិបាលខណ្ឌឬស្សីកែវ។ ចំណែក លោក ជា ពិសី ដែលអភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលខណ្ឌទួលគោកវិញ៕SRP

