ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ក្រោយពីបានផឹកសុរា។ ហេតុការណ៍បានកើតឡើងនៅចំណុចស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដុំ ជុំ អាយុ៥១ឆ្នាំ បានលែងលះប្រពន្ធ រស់នៅភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប តែម្នាក់ឯង ដោយ ជនរងគ្រោះបានផឹកស្រាស្រវឹងជាប្រចាំ។
របាយការណ៍បន្តថាមុនកើតហេតុនៅវេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះផឹកស្រាសជុំគ្នា ៣នាក់ នៅភូមិជាមួយគ្នា ពួកគាត់ផឹកអស់ចំណុះ ៣លីត្រកន្លះ ក៏បានបែកគ្នា។ លុះនៅម៉ោង០៨និង១៥យប់ជនរងគ្រោះ បានអុំកាណូត មិនបញ្ឆេះម៉ាស៊ីន តែម្នាក់ឯងទៅផ្ទះលើដីចំការ។ រហូតដល់នៅម៉ោងប្រហែល៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រូវបានបងប្អូនអ្នកភូមិឃើញកាណូតរបស់ជនរងគ្រោះអណ្ដែតលើទឹកស្ទឹង តែពុំឃើញមនុស្សក៏នាំគ្នារកដល់ផ្ទះក៏មិនឃើញ ដោយមានការសង្ស័យថាធ្លាក់ទឹកព្រោះស្រវឹង ពួកគាត់រាយការណ៍ឲ្យសមត្ថកិច្ច នឹងបាននាំគ្នាជួយស្រាវជ្រាវរក។
របាយការណ៍បន្ថែមថារហូតដល់ម៉ោង១៦និង១៩នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក៏បានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកស្ទឹងសង្កែ នៅចំណុចចុងភូមិទ្រាយ ទិសខាងត្បូងចម្ងាយប្រហែល៥៥០ម៉ែត្រ ទឹកជម្រៅប្រហែល៤ម៉ែត្រ។
របាយការណ៍បានបញ្ជាក់ថាតាមការពិនិត្យសាកសព ជនរងគ្រោះ ចូលរួមពិនិត្យដោយគ្រូពេទ្យមណ្ឌលពោធិ៍ទ្រាយ សាកសព ពុំមានស្លាកស្នាមអ្វីគួរសង្ស័យេជាបទល្មើសឡើយ។
មូលហេតុ និងការសន្និដ្ឋានរបស់គ្រូពេទ្យថាការស្លាប់ដោយសារស្រវឹងស្រា ធ្លាក់ទឹកលង់ស្លាប់តែម្ដង៕SRP

