ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថានៅឆ្នាំ២០២២ខាងមុខនេះ មានការព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ នូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថានឹងមានកំណើនឡើងវិញក្នុងអត្រា ៤% គឺនឹងមានអាចសម្រេចបានឡើយ ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងវត្តមានវីរុសបំប្លែងថ្មីៗ ជាពិសេសមេរោគបំប្លែង «ដែលតា» កំណើននេះអាចនឹងថយមកត្រឹម ២.៤%។ សម្តេច ហេង សំរិន លើកឡើងយ៉ាងដូច្នេះក្នុងឱកាសជួបសន្ទនាការងារជាមួយលោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកមិញនេះ។
សម្តេច ហេង សំរិន និងលោក សាយ សំភូន ភូមវិហាន បានបង្ហាញនូវទស្សនទានយ៉ាងមុះមុតក្នុងការបន្តអនុវត្តនូវអនុស្សារណៈយោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការជំរុញដល់ការផ្លាស់ប្តូរបទពិសោធន៍ការងារនៅគ្រប់កម្រិតតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។
សម្តេចហេង សំរិន បានអបអរសាទចំពោះ លោកសាយ សំភូន ភូមវិហាន ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី៩ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងប្រជាជន កាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត។ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរបានអបអរសាទរចំពោះប្រទេសទំាងពីរ ដែលកាលថ្មីៗនេះ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ដែលជាសមិទ្ធផលដ៏ធំធេងមួយជាប្រវត្តិសាស្រ្ត។
សម្តេច ហេង សំរិន បានជម្រាបពីស្ថានការណ៍វិវឌ្ឍន៍ថ្មីរបស់កម្ពុជាដូចជាសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋ ដោយមិនគិតថ្លៃទំាងលើមនុស្សពេញវ័យ និងកុមារនិងយុវវ័យដែលមានអាយុ ពី១២ ដល់១៧ឆ្នាំ ឱ្យបានជាង១០លាននាក់ ដែលបានផែនការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ឈានទៅសម្រេចបានភាពស៊ាំសហគមន៍ ដែលជាកត្តាសំខាន់មួយអាចនាំឱ្យសង្គមជាតិវិលទៅភាពប្រក្រតីវិញឈានដល់ការស្តារសេដ្ឋកិច្ច និងសង្គមបានក្នុងពេលឆាប់ៗនេះ។
សម្តេចបានគូសបញ្ជាក់ថាក្រៅពីការខិតខំថែរក្សាសុខុមាលភាពជូនពលរដ្ឋ កម្ពុជាបានខិតខំស្តារសេដ្ឋកិច្ចសង្គម ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្មតាមរយៈការដាក់ចេញនូវទម្លាក់មូលនិធិសង្គម វិធានការអន្តរាគមន៍ វិធានការសុខាភិបាល និងវិធានការរដ្ឋបាលបន្តបន្ទាប់ ដោយបានចំណាយពីទឹកប្រាក់ ៧១៩លានដុល្លារ កើនដល់ជាង ១៤៥០ លានដុល្លារ។
លោកសាយ សំភូន ភូមវិហាន ក៏បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវ ដែលកំពុងប្រឈមជាមួយនឹងរលកទី២។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកំពុងរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធជំងឺកូវីដ១៩ផង និងបានខិតខំលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចជាតិផង។ សេដ្ឋកិច្ចប្រទេសឡាវបានបន្តមានកំណើនជាវិជ្ជមានប៉ុន្តែនៅតែមានហានិភ័យជាមួយបញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិ ជាដើម។ លោកប្រធានរដ្ឋសភា បានជម្រាបសម្តេចហេង សំរិន ថាក្នុងសម័យប្រជុំរដ្ឋសភាឡាវជាវិសាមញ្ញាក្នុងនីតិកាលទី៩នាពេលកន្លងមកថ្មីៗនេះ បានសម្រេចនូវរបៀវារៈជាតិជាច្រើនក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។
រដ្ឋសភាកម្ពុជា-ឡាវ និងបានសន្យាថានឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះ រដ្ឋសភាឡាវត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២១នេះ៕SRP

