ខេត្តស្វាយរៀង៖លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈានទៅរកភាពកាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីដោយបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ និងការគិតគូរដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងនេះកី្ត យើងក៏នៅតែបារម្មណ៍អំពីការឆ្លងនៃមេរោគបំផ្លែងខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់នៃការចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។
លោកស្រី បន្តថាជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ កំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុក ដល់ពលករចំណាកស្រុក ដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ នៃខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន ថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយ និងស្បៀង សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកមិញនេះ។
សូមជម្រាបថាអំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស ១០០.០០០ម៉ាស ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យផងដែរ៕SRP

