ខេត្តត្បូងឃ្មុំ៖លោកជាមច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រាប់ដល់អាជ្ញាធរ និងមន្ត្រីជំនាញត្រូវសហការគ្នា ធ្វើយ៉ាងណា ធានាទឹកឲ្យមានគ្រប់គ្រាន់ ចេញពីទីតាំងប្រភពទឹកទាំង២ សម្រាប់ស្តុកទុកប្រើប្រាស់ និងបង្កបង្កើនផល របស់ប្រជាពលរដ្ឋ ពិសេសនារដូវប្រាំង។
លោកជាម ច័ន្ទសោភ័ណ ប្រាប់មន្ត្រីពាក់ព័ន្ធយ៉ាងដូច្នេះនៅថ្ងៃទី១២ ខែសីហា ព្រឹកមិញនេះ ក្នុងឱកាស បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ។
សូមជម្រាបថាប្រព័ន្ធធារាសាស្ត្រ២ទីតាំង ក្នុងស្រុកក្រូចឆ្មារ រួមមានបឹងកន្តេរ និងទំនប់ស្ទាក់ទឹកព្រែកតាកុច ជាទីតាំងប្រភពទឹកយ៉ាងសំខាន់នារដូវប្រាំង សម្រាប់ស្តុកទឹក និងបង្ហូរទឹកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាកសិករ ស្ថិតក្នុងស្រុកក្រូចឆ្មារ ។ ដោយរាល់ការចំណាយទាំងអស់ ក្នុងការសាងសង់ និងជួសជុលទីតាំងទាំង២នេះ លោកជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ធានាចំណាយទាំងអស់។
លោកជាម ច័ន្ទសោភ័ណ ក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសុខាភិបាល ក្នុងស្រុកក្រូចឆ្មារ ចំនួន០៣ទីតាំង រួមមាន៖១.ពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំក្រូចឆ្មារ។ ២.ពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងឃុំក្រូចឆ្មារ។ ៣.ពិនិត្យមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកំពង់ទ្រាស ឃុំកំពង់ទ្រាស៕SRP

