ខេត្តសៀមរាប៖ក្រុមប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលួច។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី ១២ខែសីហា ឆ្នាំ២០២១នេះ ត្រង់ចំណុច ហាងជួសជុលទូរស័ព្ទ មួយកន្លែងក្នុងភូមិវិហារចិន ខណ:ដោយជនសង្ស័យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន។
មន្ត្រីនគរបាលខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍នៅមុននេះបន្តិចថាជនសង្ស័យមានឈ្មោះ កែរ ណាលុច ហៅបារាំង អាយុ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស គាស់ទំលុះទំលាយ។
មន្ត្រីនគរបាលបានថ្លែងបន្តថា ការលួចកើតឡើងកាលពីវេលាម៉ោង ០២និង៣០នាទី យប់ឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ដោយជនសង្ស័យ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កំព្យូទ័រ របស់ជនរងគ្រោះ លួចយក computer MacBook Pro ១គ្រឿង MacBook Air ១គ្រឿង iPad 11 ១គ្រឿង iPad Air 4 ១គ្រឿង iPad 8th ១គ្រឿង iPad Pro 2020 មួយគ្រឿង កាបូបស្ពាយ១ និងឯកសារមួយចំនួន។
បើតាមមន្ត្រីនគរបាលបព្ជាក់ថាក្រោយសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ក្នុងនោះនគរបាលដកហូតវត្ថុតាង computer និង iPad ដែលជារបស់ជនរងគ្រោះ ហើយបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបដឹកនាំផ្ទាល់ដោយលោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត តាមការចង្អុលបង្ហាញ ពីលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោក ណុប សារ៉ាក់ ស្នងការរង ជាជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប៕SRP

