អាជ្ញាធរស្រុកកំពង់សៀម ស្ថាបនា​​ផ្លូវ​បេតុង​ចំនួន​៤គម្រោង​

0

ខេត្តកំពង់ចាម​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ត្រូវ​បាន​បេីក​សំណេី​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​​​​​​​​​ នាថ្ងៃ​ទី​១២​ ខែសីហា​​​ ឆ្នាំ​២០២១​ នៅ​សាលា​ស្រុក​កំពង់សៀម​ ក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និង​លោក​ ឈួន​ វិបុល​ អភិបាល​រង​ស្រុក​កំពង់សៀម​​ ដោយ​មាន​ការ​ចូលរួម​ពី​​​គណៈកម្មការ​លទ្ធកម្ម​ ក្រុម​ការងារ​សម្របសម្រួល​​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ឈួន​ វិបុល​ អភិបាលរង​ស្រុក​កំពង់សៀម​​​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ទទួល​ការ​ទាំងអស់​ ធ្វេីយ៉ាងណាត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​ ​គ្រប់សំណង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ ​បាន​ក្រេីនរំលឹកដល់​តំណាង​ក្រុមហ៊ុន​​ទទូលការទាំងអស់​ ​ឲ្យ​មាន​ការ​យកចិត្តទុកដាក់​ស្តាប់​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អជ្ញាធរ​ ដែលបាន​រៀបចំ​ឡើង​ ជាពិសេស​ត្រូវ​​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​​ លេីសពី​នោះ​សូម​ឲ្យ​​​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​រំចេក​ សាងសង់ផ្លូវបេតុងអាមេប្រវែង៣៤៨ម៉ែត្រ​ ទទឹង៣ម៉ែត្រ​ នៅភូមិរំលេច​។
២-ឃុំ​វិហារធំ​ សាងសង់ផ្លូវបេតុងអាមេប្រវែង៤៧៧ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិពង្រ​។
៣-ឃុំ​អំពិល​ សាងសង់ផ្លូវបេតុងអាមេប្រវែង៦៩៣ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិជើងគោក​។
៤-ឃុំ​អូរស្វាយ​ សាងសង់ផ្លូវបេតុងអាមប្រវែង៥២៣ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ នៅភូមិត្រពាំងកក់​៕SRP