ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី០៩ ខែសីហានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម។
កិច្ចប្រជុំនេះ ពីទីស្ដីការក្រសួងមហាផ្ទៃដោយមានការញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត ចំណែកអភិបាលបាលខេត្តបាត់ដំបង និងសមាជិកអង្គប្រជុំមួយចំនួនទៀតបានចូលរួមតាមវីដេអូសន្និសីទZoom ។
សម្ដេច ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ។
សម្ដេចបានគូសបញ្ជាក់ថាខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋក្រុមប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញ ជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។
សម្ដេចស ខេង បានបន្ថែមថាប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។
សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី៕SRP

