ខេត្តកំពង់ចាម៖លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទ ខេត្តត្បូងឃ្មុំ និងលោកស្រី ថា ម៉ាណែត រួមជាមួយមិត្តភ័ក្រ ជាសប្បុរសជនបានសួរសុខទុក្ខ និងនាំយកអំណោយ និងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនមន្ទីរ និងមន្រ្តីរាជការ ដែលកំពុងជាប់ចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ ដោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ការផ្ដល់អំណោយនៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នានៅរសៀលថ្ងៃទី០៦ ខែសីហានេះដោយមនោសញ្ចេតនាស្រឡាញ់រាប់អាន សេចក្ដីអាណិតអាសូរ ចំពោះ សុខទុក្ខបងប្អូនមន្ត្រី ដែលធ្លាប់ តែរួមអាជីពការងារជាមួយគ្នាកាលពីអតីតកាល។
សូមជម្រាបថា អំណោយប្បុរសជន ដែលបានចែកជូននាឱកាសនោះ បានធ្វើការបែងចែកជា ២ចំណែកគឺ៖ ទី១.សម្រាប់មន្ត្រីរាជការ មន្ទីរព័ត៌មាន កំពុងជាប់ធ្វើចត្តាឡីស័ក និងទី២.សម្រាប់អង្គភាពផ្ទាល់ ដែលក្នុងនោះបានមកពី៖
លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ ខេត្តត្បូងឃ្មុំ និងលោកស្រី ថា ម៉ាណែត ឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ ត្រីខ ៨យួរ សម្រាប់មន្ត្រីជាប់ចត្តាឡីស័ក និងទឹកអាកុលចំនួន ១២ដប រួមទាំង ថវិកាសរុប ១លាន ២សែនរៀល។ សម្រាប់មន្ទីរព័ត៌មានខេត្ត និងមន្ត្រីបំរើការងារ។
លោក ម៉ី មុនីបុរិន្ទ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងលោកស្រី បានឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ ត្រីខ ៨យួរ ដល់មន្ត្រីជាប់ចត្តាឡីស័ក និងទឹកកុលចំនួន ១២ដប សម្រាប់មន្ទីរព័ត៌មានខេត្ត។
លោក ជី ហ៊ា អាជីវករផ្សារ និងលោកស្រី បានឧបត្ថម្ភមី ៨កេស ទឹកសុទ្ធ ៨យួរ និងត្រីខ ៨យួរ សម្រាប់មន្ត្រីជាប់ចត្តាឡីស័ក។
និងលោក ណៃ ស៊ីផាត អាជីវករផ្សារ និងលោកស្រី បានឧបត្ថម្ភ ទឹកអាកុល ចំនួន ០៣ពិដុង សម្រាប់មន្ទីរព័ត៌មានខេត្ត។
លោក អាន ស៊ីណា បានលើកទឹកចិត្តដល់មន្ត្រី ដែលជាប់ចត្តាឡីស័កទាំងអស់ ត្រូវព្យាយាមជំនះនូវឧបសគ្គ នារយៈពេល១៤ថ្ងៃ នេះ ក៏ព្រោះថា យើងគ្រប់ៗគ្នា មិនចង់ឲ្យហេតុការណ៍អាក្រក់នេះ កើតឡើងចំពោះខ្លួនឯងឡើយ។
លោកប្រធានមន្ទីរ ក៏បានណែនាំដល់បងប្អូនឲ្យយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និងមន្ត្រីរួមអាជីពការងារ ដោយខិតខំព្យាយាម អនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ការចូលរួមបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង ៣កុំ» ដើម្បី ចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ ទៅដល់ក្រុមគ្រួសារ ក៏ដូចជា សហគមន៍យើង ផងដែរ។
លោកស្រី សម ផល្លា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អាន ស៊ីណា និងលោកស្រី លោកវេជ្ជបណ្ឌិត ម៉ី មុនីបុរិន្ទ និងលោកស្រី ថា ម៉ាណែត លោក ជី ហ៊ា និងភរិយា និង លោក ណៃ ស៊ីផាត និងភរិយា ដែលបានចូលរួមចំណែកបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដើម្បី ជួយឧបត្ថម្ភ ដល់សម្ភារ និងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់មន្ត្រីដែលជាប់ចត្តាឡីស័ក នាពេលនេះ។ ដូច្នេះតាមរយៈ កាយវិករមនុស្សធម៌ទាំងអស់នេះ លោកស្រីប្រធានមន្ទីរ ក៏បានលើកដៃប្រណមគោរពជូនពរ ដល់លោក អាន ស៊ីណា និងលោកស្រី ព្រមទាំង សប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕SRP

